ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន អតីតប្រធានមន្ទីរសន្តិសុខ ស-២១ នឹងផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង ០០២/០២។
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់កាលបរិច្ឆេទស្តាប់ការផ្តល់សក្ខីកម្មរបស់ កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ចាប់ពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០១៦ តទៅ។ ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង ០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុង ជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ ។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល ០៩ ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។
នេះគឺជាលើកទី២ ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែ មីនា និង ខែមេសា ឆ្នាំ ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។
ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែ តុលា ឆ្នាំ ២០១៤ មក អង្គជំនុំ-ជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន ៨៤ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៩ រូប និងអ្នកជំនាញចំនួន ៣ រូប សម្រាប់សវនាការចំនួន ១៨៥ ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខ និង ការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ ២០១៧៕
ដោយ៖ សីលា