ដំណើរការដាក់បញ្ជូលតំបន់ស្វ័យភាពរបស់អ៊ុយក្រែននៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនឹងត្រូវចំណាយពេលមួយរយៈទៀតដើម្បីរៀបចំឯកសារទៅតាមផ្លូវច្បាប់។ ក្នុងពេលនេះដែរ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ការដាក់បញ្ជូលតំបន់ទាំងនោះក្នុងការគ្រប់គ្រងរបស់រុស្ស៊ី នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ការបោះឆ្នោតប្រជាមតិបានធ្វើឡើងនៅក្នុងតំបន់ទាំង៤ នៅប្រទេសអ៊ុយក្រែន តាំងពីថ្ងៃទី ២៣ដល់ថ្ងៃទី២៧ខែកញ្ញា ។ ពលរដ្ឋភាគច្រើនបានគាំទ្រចូលជាមួយរុស្ស៊ី ។ នៅក្នុងតំបន់សាធារណរដ្ឋ Donetsk មានពលរដ្ឋដល់ទៅ ៩៩,២៣%គាំទ្រចូលជាមួយរុស្ស៊ី ។ ចំណែកនៅក្នុងខេត្ត Luganks (LPR), Zaporozhye និង Kherson មានពលរដ្ឋគាំទ្ររហូតដល់ទៅ ៩៨,៤២%, ៩៣% និង៨៧%។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្រុមមន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី២៧ខែកញ្ញាដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មីសម្រាប់ជួយអ៊ុយក្រែនដើម្បីតស៊ូប្រយុទ្ធជាមួយ
រុស្ស៉ី ដែលមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមមន្ត្រីអាមេរិកខាងលើនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថា កញ្ចប់ជំនួយយោធានេះនឹងត្រូវប្រកាស នៅប៉ុន្មានថ្ងៃខាងមុខជាការបង្កើន ជំនួយសព្វាវុធចុងក្រោយបំផុតសម្រាប់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងកម្លាំងរុស្ស៊ីនៅឯភាគខាងកើត។
គេរំពឹងថា កញ្ចប់ជំនួយថ្មីនេះនឹងប្រើប្រាស់មូលនិធិពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសមស្របសម្រាប់សភាដើម្បីអនុញ្ញាតឱ្យរដ្ឋបាល លោក បៃឌិន ទិញអាវុធពីក្រុមហ៊ុនអាមេរិក ជាជាងយកចេញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។ កញ្ចប់នេះនឹងរួមបញ្ចូលនូវប្រព័ន្ធមីស៊ីល HIMARS, អមដោយគ្រាប់រំសេវប្រភេទផ្សេងៗនៃប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធរ៉ាដា រួមជាមួយនឹងគ្រឿងបន្លាស់, ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ផងដែរ។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង១៥ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធមួយរុស្ស៊ី៕ ដោយធីរីណា
រូបថត :Tass
រូបថត :REUTERS