ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនអ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម» ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះគឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដែលក្នុងនោះខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដោយមានបទល្មើសតុលាការចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា ជនត្រូវចោទ ទាំង៩នាក់ខាងលើនោះរួមមាន ៖
១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។
២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។
៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។
៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។
៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។
៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។
៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។
៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ។
សូមជម្រាបជូនផងដែរថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ពេលភ្ជុំហើយភ្លាមអាជ្ញាធរចាប់ផ្តើមចុះពិនិត្យតាមឃ្លាំងបញ្ចាំទៀតហើយដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យឃ្លាំងមួយកន្លែងដែលចាក់សោជាប់ពីខាងក្រៅ នៅចំណុចផ្លូវលេខ៣២៤ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ៕
ដោយ : សហការី