កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងទាហានអីរ៉ាក់បានវាយប្រហាររំដោះបានស្រុក Rutbah ទីក្រុងអានបា ពីដៃក្រុមអិស្លាមបង្កើតរដ្ឋIS។
សារព័ត៌មាន AFP បានផ្សាយថា មេបញ្ចាការកងទ័ពនៅក្នុងខេត្តអានបា បញ្ចាក់ថា កម្លាំងទាហានរដ្ឋាភិបាលបានរំដោះស្រុក Rutbah បានទាំងស្រុងពីក្រុង IS កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
ជាមួយនឹងការដណ្តើមបានទីតាំងគ្រប់គ្រងខាងលើក្រុមអិស្លាម IS កំពុងតែបាត់បង់ទីតាំងជាបន្តបន្ទាប់ទាំងនៅក្នុងទឹកដីស៊ីរីនិងអីរ៉ាក់ផងដែរ។
ជាមួយគ្នានេះកម្លាំងទាហានរដ្ឋាភិបាលបានបង្កើតការប្រុងប្រយ័ត្នខ្លាំងចំពោះក្រុម IS បើកការវាយប្រហារទៅលើទីតាំងនានាក្រោយពេលក្រុមនេះបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រង។ កន្លងមកថ្មីៗមានការវាយប្រហារគ្រាប់បែក៣លើកផ្សេងគ្នាបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននៅកណ្តាលទីក្រុងបាតដាត។
យ៉ាងហោចណាស់មនុស្ស ៣១នាក់ស្លាប់ និង ៨២នាក់រងរបួសនៅក្នុងករណីបំផ្ទុះគ្រាប់បែកនៅទីតាំង ៣កន្លែងផ្សេងគ្នានៅក្នុងរដ្ឋធានីបាដាត នៃប្រទេសអ៊ីរ៉ាក់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញនៅមុនបន្តិចឲ្យដឹងថា ការវាយប្រហារនោះមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត និងការបំផ្ទុះដោយកំណត់ម៉ោងផងដែរ។ ភ្លាមៗក្រោយបំផ្ទុះ ក្រុមរដ្ឋឥស្លាមបានចេញមុខទទួលខុសត្រួវចំពោះការបំផ្ទុះ ដែលបណ្តាលឲ្យមនុស្សម្នាជាច្រើននាក់ស្លាប់និងរបួស។
ក្រោយពេលបាត់បង់ទឹកដីគ្រប់គ្រងជាង៤០ភាគរយទាំងនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ក្រុម IS បានបង្កើនសកម្មភាពវាយប្រហារភេរវកម្មទៅលើពលរដ្ឋស្លូតត្រង់ជាការគម្រាមទៅលើអាមេរិកនិងសម្ព័ន្ធមិត្តឲ្យបញ្ចប់ការវាយប្រហារទៅលើទីតាំងរបស់ពួកគេ។ កន្លងមកថ្មីៗក្រុមភេរវកម្មបានវាយប្រហារទៅលើទីតាំងជនភៀសខ្លួននៅក្នុងប្រទេសស៊ីរី បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង៧០នាក់។
ឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយពីឧក្រិដ្ឋកម្មសង្រ្គាមដោយមើលទៅលើលក្ខណៈវាយប្រហាររបស់ជនដៃដល់។ តាមលោក Zeid Ra’ad al Hussein ជំរំបោះតង់របស់ជនភៀសខ្លួន ដែលបានរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅទីក្រុងអាឡិប ស្ថិតននៅកណ្តាលវាល។ ដូច្នេះ ការវាយប្រហារទៅលើជំរំជនភៀសខ្លួន ដែលភាគច្រើនជាប្រជាជនស៊ីវិល គឺមិនមែនធ្វើឡើងដោយចៃដន្យនោះឡើយ។
ការទម្លាក់គ្រាប់បែកទៅលើជំរំជនផ្លាស់ទីនៅខេត្តអ៊ីដលីប ក្បែរព្រំដែនជាមួយប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស២៨នាក់ ដែលភាគច្រើនជាកុមារ និងធ្វើឲ្យមនុស្សរបួសជាង ៥០នាក់។ នៅថ្ងៃសុក្រ មន្រ្តីសិទ្ធិមនុស្ស និងអង្គការក្នុងស្រុកកំពុងធ្វើការស៊ើបអង្កេត ស្វែងរកភស្តុតាង ដើម្បីបញ្ជាក់ពីឧក្រិដ្ឋកម្មសង្រ្គាម ដែលគេបានធ្វើទៅលើជនស្លូតត្រង់នៅស៊ីរី។ តាមឧត្តមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ព័ត៌មានបឋមបានបង្ហាញថា ការវាយប្រហារទម្លាក់គ្រាប់បែកបង្កឡើងដោយយន្តហោះរបស់ទាហានរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែយ៉ាងណាក៏ដោយគេនៅត្រូវការព័ត៌មានបញ្ជាក់បន្ថែមទៀត។
នៅពេលដែលឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាមទារឲ្យ ក្រុមប្រឹក្សាសន្តិសុខលើកយកករណីខាងលើទៅជំនុំជម្រះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ កងទ័ពស៊ីរី នៅថ្ងៃសុក្រ បានចេញមុខបដិសេធថា ការវាយប្រហារទៅលើជំរំជនផ្លាស់ទី មិនមែនជាស្នាដៃរបស់ខ្លួន។ ទីក្រុងម៉ូស្គូឯណោះវិញ ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី និងដែលកំពុងបើកប្រតិបត្តិការទ័ពអាកាសក្នុងប្រទេសស៊ីរីបាននិយាយ ការពាររដ្ឋាភិបាលស៊ីរី ដោយអះអាងថា គ្មានយន្តហោះណាមួយរួមទាំងរបស់រុស្ស៊ីផង បានហោះពីលើជំរំជនភៀសខ្លួននៅទីក្រុងអ៊ីដលីបទេ។
តាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីដោយផ្អែកទៅលើរូបភាពថតបាននៅក្រោយការវាយប្រហារជំរំតង់នៅទីក្រុងអ៊ីដលីបទំនងរងការបាញ់ប្រហារដោយគ្រាប់ផ្លោងរបស់ទាហានអាល់នូស្រា បណ្តាញរបស់អាល់កៃដា នៅប្រទេសស៊ីរី ដែលកំពុងមានវត្តមាន និងសកម្មខ្លាំងនៅក្បែរជំរំជនភៀសខ្លួននៅទីក្រុងអ៊ីដលីប។
នៅថ្ងៃសុក្រក្រសួងការបរទេសបារាំងវិញក៏បានចេញផងដែរសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហារទៅលើជំរំជនភៀសខ្លួនស៊ីរី។ ក្រៅតែពីអំពាវនាវសុំឲ្យរុស្ស៊ី ដាក់គំនាបលើរបបស៊ីរី ទីក្រុងប៉ារីសបានទាមទារសុំឲ្យមានការស៊ើបអង្កេតឯករាជ្យ និងមិនលំអៀងមួយ ដើម្បីឈានទៅបំភ្លឺទង្វើសាហាវព្រៃផ្សៃរបស់ឧក្រិដ្ឋជន៕
ប្រែសម្រួល៖ មែវសាធី