ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់យោធភូមិភាគទី៥ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានចាត់តាំងលោកវរសេនីយ៍ឯក យិន ចន្ធី មេបញ្ជាការរង ទទួលបន្ទុកកម្លាំងអន្តរាគមន៍ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដើម្បីប្រុងប្រៀបកម្លាំងអន្តរាគមន៍ត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឺកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។
លោកមេបញ្ជាការរង បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការរងបានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕ ដោយ៖សហការី