ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយការចុះមូលដ្ឋានគឺជាភារកិច្ចដោយខានមិនបានដែលមន្ត្រីគ្រប់រូបត្រូវតែធ្វើ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងឈានទៅរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងឱកាសដែលលោក អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋនៅស្រុករំដួល ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ។
លោកបានបន្តទៀតថា អាជ្ញាធរត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា និងត្រូវជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងត្រឹមត្រូវ ជាពិសេសអត្តសញ្ញាណប័ណ្ណ ដែលខុសត្រូវកែជូនប្រជាពលរដ្ឋវិញ។
ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់អំពីបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ មន្ត្រីរាជការត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យចេះរក្សាទឹកទុកនិងប្រើប្រាស់ក្នុងលក្ខណៈសន្សំសំចៃជាពិសេសត្រូវចាត់វិធានការតាមដានត្រួតពិនិត្យ ប្រមូលព័ត៌មានអំពីបញ្ហាកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ-ឃុំក្នុងភូមិសាស្ត្រស្រុករបស់ខ្លួន និងត្រូវរាយការជាបន្ទាន់មករដ្ឋបាលខេត្តដើម្បីខេត្តមានវិធានការដោះស្រាយនិងជួយអន្តរាគមន៍បានទាន់ពេលវេលា។
ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានប្រគល់អណ្ដូងទឹកចំនួន ១២កន្លែង ដែលឧបត្ថម្ភកសាងដោយរដ្ឋបាលខេត្ត ១កន្លែង សាខាកាកបាទក្រហមកម្ពុជាខេត្ត ៦កន្លែង និងឧបត្ថម្ភកសាងដោយលោកនាយឧត្ដមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ ៥កន្លែង ជូនប្រជាពលរដ្ឋនៅឃុំបុសមន ឃុំពងទឹក និងឃុំថ្នាធ្នង់ ឧបត្ថម្ភប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ ក្នុង១គ្រួសារ ទទួលបាន កា ដួសទឹក១ និងធុងទឹក១ សិស្សានុសិស្សសាលាបឋមសិក្សាព្រែកពក ២៣៩នាក់ ក្នុង១នាក់ៗ ទទួលបានសៀវភៅ ១ក្បាល ប៊ិក ២ដើម និងថវិកា ២,០០០រៀល និងចូលបច្ច័យកសាងវត្តថ្នាធ្នង់ ១លានរៀល ៕
ដោយ៖ យឹម សុថាន