យ៉ាងហោចណាស់ក៏មានការរញ្ជួយដីរហូតដល់៥៣លើកក្នុងកម្រិតស្រាល ក្រោយការរញ្ជួយដីទ្រង់ទ្រាយធំមានកម្រិត៦រ៉ិចទ័រ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៩នាក់រងរបួស។ ហេតុការណ៍រញ្ជួយដីខាងលើកើតឡើងនៅលើកោះ ស៊ូ ម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។
នាយកដ្ឋាន ទទួលបន្ទុកព្យាករណ៍អាកាសធាតុ និងការរញ្ជួយដីឥណ្ឌូនេស៊ី BMKG បានឱ្យដឹងថា មិនមានការព្រមានពីរលកយក្សស៊ូណាមិនោះឡើយ។ ប៉ុន្តែ បានព្រមានពីការបាក់ដីនៅតំបន់ភ្នំ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការរស់នៅរបស់ពលរដ្ឋតាមជើងភ្នំ។
តាមការលើកឡើងរបស់ក្រុមផែនដីវិទ្យាអាមេរិកបានបញ្ជាក់ថា ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង ២និង២៨នាទីថ្ងៃទី១ខែតុលា ក្នុងជម្រៅ១៣,២គីឡូម៉ែត្រ ។ ពលរដ្ឋនៅក្នុងតំបន់មានការភ័យខ្លាច ហើយរត់ចេញក្រៅផ្ទះ ។ បង្អួចកញ្ចក់ វត្ថុប្រើប្រាស់នៅក្នុងផ្ទះបានធ្លាក់ចុះដី បង្កការខូចខាតជាច្រើន ។
ស្ថិតនៅលើ “ក្រវាត់ភ្លើងប៉ាស៊ីហ្វិក” ប្រទេសឥណ្ឌូនេស៊ីតែងតែទទួលរងការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់ ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ ដែលបង្កជារលកយក្សស៊ូណាមិបានកើតឡើងនៅឯឆ្នេរភាគខាងជើងនៃកោះស៊ូម៉ាត្រា ដោយផ្ដាច់ជីវិតមនុស្ស ២២៦,០០០នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេសចំនួន៩ផ្សេងទៀតនៅក្នុងតំបន់៕ ដោយធីរីណា
រូបថត : TTXVN-VNA
រូបថត : AAP