បុរសម្នាក់ចេញពីការដ្ឋានដើរសំដៅទៅផ្ទះត្រូវរន្ទះបាញ់ស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល: បុរសជាកម្មករធ្វើផ្លូវ៦០ម៉ែត្រម្នាក់ ក្រោយពីចប់ម៉ោងការងារបានដើរចេញពីការដ្ឋានសំដៅទៅផ្ទះស្របពេលដែលមេឃកំពុងភ្លៀង បណ្ដាលឱ្យរន្ទះបាញ់ស្លាប់គួរឱ្យរន្ធត់បំផុត នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសែម សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរកម្មករធ្វើផ្លូវ៦០ម៉ែត្រ(ផ្លូវក្រវាត់ក្រុងទី៣) ស្នាក់នៅក្នុងការដ្ឋានស្ថិតនៅក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ខ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។ ប្រពន្ធឈ្មោះ រ៉ន មុំ អាយុ៣៩ឆ្នាំ (នៅស្រុកកំណើត) មានកូនប្រុសចំនួន០២នាក់ ១-ឈ្មោះសែម សុខជាតិ អាយុ១៩ឆ្នាំ និង២-ឈ្មោះសែម សុខជីង អាយុ១៧ឆ្នាំ(មកធ្វើការជាមួយឪពុក)។
ប្រភពដដែលបន្តថា តាមការបំភ្លឺពីឈ្មោះសែម សុខជីង ភេទប្រុស(ត្រូវជាកូនបង្កើតជនរងគ្រោះ)បានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើក្រោយពីចប់ម៉ោងការងារខ្លួននិងជនរងគ្រោះជាឪពុកបាននាំគ្នាដើរសំដៅមកកន្លែងការដ្ឋានដើម្បីសម្រាក ខណៈពេលកំពុងដើរតាមផ្លូវនោះក៏មានភ្លៀងធ្លាក់មួយមេលាយឡំនឹងផ្គររន្ទះបាញ់ត្រូវឪពុករបស់ខ្លួនបណ្តាលឱ្យដួល ហើយខ្លួនក៏ដួលជាមួយឪពុកដែរ តែមួយសន្ទះក្រោយមកខ្លួនក៏បានដឹងខ្លួនឡើងវិញ ស្ទុះក្រោកឡើងឃើញឪពុកដេកដួលបាត់មាត់បាត់ក រួចក៏បានស្រែកហៅអ្នកធ្វើការជាមួយមកជួយយកឪពុកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែពេលយកមកដល់មន្ទីរពេទ្យជនរងគ្រោះជាឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងផ្នែកជំនាញបច្ចេកទេសកោសល្យវិច័យ ក្រុមគ្រូពេទ្យអាជ្ញាធរមូលដ្ឋានបានចុះមកពិនិត្យជាក់ស្តែងឃើញថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់បណ្តាលឱ្យស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print