ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ ខ្ញុំសូម ចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោមចំនួន ៥ចំណុច ៖
ទី១. បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បី រៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូច ជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមាន ឡើងជាយថាហេតុនាពេលអនាគត
ទី២. ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរង គ្រោះ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំ ទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបាន កិច្ចគាំពារផ្សេងៗ
ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិង ជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែក លើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យ ទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចកវិទ្យា
ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្ដល់ការគាំទ្រផ្នែក បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម
ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិត អភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុង ការផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមាន សេដ្ឋកិច្ចកំពុងលូតលាស់ ឬ កំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពី ឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលដ៏ខ្លី ។ ដូចនេះ កម្ពុជាត្រូវចាប់ យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរ នូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយ ពាក់ព័ន្ធផ្សេងទៀត ៕
ដោយ : សុខ ខេមរា