នៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹក បានកើនឡើង ក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់ : នៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹក បានកើនឡើង ក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន។ នេះបើយោងតាម

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ របស់មន្ទីរធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ 

យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និង ឧតុនិយម កន្លងមក ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា ជាមួយខ្យល់មូសុងនិរតីខ្សោយ។ទន្ទឹម នោះការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាប ដែលរុញពីក្រោម ក៏មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាផងដែរ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀង នៅតែបន្តធ្លាក់ជាប់ ជាបន្តបន្ទាប់ ដោយគិតចាប់ពី ថ្ងៃទី ៥ ខែ តុលា ដល់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ លើផ្ទៃប្រទេស។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹក បានកើនឡើង ក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្នគឺ កម្រិតកំពស់ ៥,០០ម៉ែត្រ និងកម្រិតកំពស់នាបច្ចុប្បន្នគឺ ៥,០៣ម៉ែត្រ ។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាស ធាតុ រួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើ ដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្ត បន្ទាប់ និងអាចបង្កអោយមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជា ពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បី ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print