ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបដែលនឹងប្រារព្វធ្វើនៅក្រុងបាត់ដំបង ចាប់ពីថ្ងៃទី ៩និងទី១០ ខែ តុលាឆ្នាំ២០២២ ខាងមុខនេះ ជាការកត់សម្គាល់ចាប់តាំងថ្ងៃទី៤ខែ តុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ ឃើញថា ប្រជាពលរដ្ឋជិត ឆ្ងាយបានអញ្ជើញមកកំសាន្តសប្បាយនៅក្នុងក្រុងបាត់ដំបងពិសេសការទស្សនានៅតាមស្តង់ពិព៌ណស្តង់លក់ ទំនិញនានា ឬទីកន្លែងកំសាន្តសប្បាយដទៃទៀតយ៉ាងច្រេីនកុះករ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលមានភារកិច្ចការពារសន្តិ សុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ បានយ៉ាងល្អប្រសើរ ពុំមានករណីបទល្មើសណាមួយកើត ឡើងគួរឱ្យកត់សម្គាល់នោះទេ ហើយទិដ្ឋភាពនេះបានបង្កលក្ខណៈយ៉ាងរលូនដល់មហាជនលោក ធ្វើដំណើរកំសាន្តសប្បាយនៅក្នុងពិធីដ៏ឱឡាឬកនេះ ទាំងពេលថ្ងៃនិងពេលរាត្រី ។
ដើម្បីជាវិធានការបង្ការទប់ស្កាត់ទុកជាមុនចំពោះករណីល្មើសច្បាប់ផ្សេងៗដែល អាចនឹងកើតមានឡើង ដោយករណី(លូកហោប៉ៅ ឬឆក់ទ្រព្យសម្បត្តិ)ក្នុងពិធីនេះ ក្រុមការងារសូមធ្វើការ បង្ហាញជូននូវមុខសញ្ញាមួយចំនួន ដែលពួកគាត់ធ្លាប់តែមានវត្តមាននៅក្នុងពិធីបុណ្យធំៗ ដែលរៀបចំប្រារព្វធ្វើ នៅតាមបណ្តារាជធានី ខេត្ត ជូនមហាជនទូទៅលោកបានជ្រាបនិងមានការប្រុងប្រយ័ត្ន ឬការពារនូវទ្រព្យសម្បត្តិ ផ្ទាល់ខ្លួននៅពេលដែលធ្វើអញ្ជេីញចូលទៅកន្លែងប្រមូលផ្តុំមានមនុស្សច្រើន ។
ក្នុងករណីមានការសង័្សយចំពោះបញ្ហាអសន្តិសុខណាមួយសូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច ដែលនៅប្រចាំការជិតបំផុត ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចតាមរយៈទូរស័ព្ទ ចំនួន ០៤ខ្សែដេីម្បីសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលាគឺ៖
-លេខ117(ប្រចាំបញ្ជារបស់ស្នងការដ្ឋាន)
-លេខ012596066ឬ0977067666(ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ)
-លេខ 092935544(នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល)
សូមអរគុណ៕ដោយ៖អារុណរះ
ខាងក្រោមនេះជារូបភាព ក្រុមជនល្មេីស៖