ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះឆ្មុក់បង្ក្រាបទីតាំងអ៉ីនធើណេត អនឡាញដែលមានបង្កប់ល្បែងស៉ីសងភ្នាល់បាល់មួយកន្លែង ដោយបានឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួនដែលជាសម្ភារសម្រាប់ចាក់ភ្នាល់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញ AA2888.Net ដែលស្ថិតនៅផ្ទះលេខ៥៩ ផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប់ទីតាំងនោះ គឺមានការផ្ដល់ព័ត៌មាន យ៉ាងច្បាស់ការណ៍ថាទីតាំងនេះនៅបន្តលួចលាក់បម្រើសេវាអនឡាញ បង្កប់ល្បែងស៉ីសង ដោយផ្គើននឹងប្រសាសន៍ របស់ថ្នាក់ដឹកនាំ។ ដូច្នេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានឆ្មុក់ចុះដល់ទីតាំងនេះហើយបានពិនិត្យឃេីញថា ទីតាំងមានទទួលភ្នាល់លេងល្បែងស៊ីសង (បាក្រាត, ភ្នាល់ចាក់បាល់…) គ្រប់ប្រភេទដដែលមានសម្ភារបម្រេីសេវាអនឡាញខុសច្បាប់។
ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបានធ្វើការដកហូតសម្ភារៈរួមមានៈ កុំព្យូទ័រ ០១ឈុត,លុយខ្មែរជិត៣លានរៀល, លុយដុល្លារជាង១០០០ដុល្លារ និងឃាត់មនុស្សជាបុគ្គលិកចំនួន០២នាក់ ប្រគល់ទៅឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដេីម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ ចំណែកទីតាំងអាជ្ញាធរសម្រេចផ្អាកអាជីវកម្ម និងបិទទ្វារប្លុមបេទីតាំងជាបណ្ដោះអាសន្ន៕
ដោយ៖ រ៉ារ៉ា