ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទស្សនការប្រណាំងទូកនៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ហើយម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងបន្ទាប់ពីពិធីនេះបានអាក់ខានប្រារព្ធឡើងរយៈពេល៥ឆ្នាំមកហើយ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងព័ត៌មាន។
ប្រភពដដែលបន្តថា នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ពី សុភាព ភេទប្រុស រស់នៅខេត្តក្រចេះ ដែលមកចូលរួមក្នុងពិធីប្រណាំងទូកង និងទូកខ្នាតអន្តរជាតិក្នុងខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុននៅក្នុងខេត្តកំពង់ចាមតែងតែមានប្រារព្ធពិធីអ៊ុំទូកជាប្រចាំ ដែលបានបង្កភាពសប្បាយរីករាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត និងនៅតាមបណ្ដាខេត្តជិតខាងផងដែរ ។
លោកបានបន្តថា បើទោះបីជាលោកជាអ្នករស់នៅក្នុងខេត្តផ្សេងក៏ពិតមែន ប៉ុន្តែលោកពិតជាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលអាជ្ញាធរខេត្តកំពង់ចាមបានរៀបចំពិធីប្រណាំងទូកនេះឡើង ។ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះខ្ញុំជាអ្នកចូលចិត្តការប្រណាំងទូកម្នាក់ដែលឱ្យតែមានការប្រណាំងទូកម្ដងៗខ្ញុំតែងតែមកចូលរួមគាំទ្រណាមួយឃើញមានការរៀបចំស្អាតជាងកន្លែងផ្សេងៗជាពិសេសអាជ្ញាធរមានការរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរ» ។ ក្នុងនោះលោកបានបន្តទៀតថា ចំពោះការរៀបចំហេដ្ឋារចនាសម្ពន័្ធ សួនច្បារ ការតុបតែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ការរៀបចំធុងសំរាម ការការពារសន្តិសុខ ជាដើម គឺឃើញថាមានភាពល្អប្រសើរ ។
លោកស្រី នី ស្រីអូន រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលអាជ្ញាធរខេត្តបានរៀបចំពិធីប្រណាំងទូកនៅក្នុងឆ្នាំនេះ បន្ទាប់ពីអាក់ខានជួបជុំសប្បាយរីករាយបែបនេះ អស់ជាច្រើនឆ្នាំមកហើយ ។ សំឡេង៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកមើលការប្រណាំងទូកង នេះដោយសារតែមានការអាក់ខានប៉ុន្មានឆ្នាំកន្លងទៅជាពិសេសគឺមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតដែលជាភាពទាក់ទាញ» ។
សូមបញ្ជាក់ថា ទូកដែលនឹងមកចូលរួមប្រណាំងនៅក្នុងខេត្តកំពង់ចាមនេះ សរុបចំនួន ៤៥ទូក ក្នុងនោះមានទូកង និងទូកខ្នាតអន្តរជាតិ ។ ពិធីអ៊ុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។ ដោយឡែកចំពោះកម្មវិធីតាំងពិព័រណ៍ និងការប្រគុំតន្ត្រីខ្នាតធំ បានដំណើរការពីរសៀលថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម៕ ដោយ៖សហការី