សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាង២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី ៥៣នាក់។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនាពេលនេះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពើរឿងរ៉ាវដ៏អយុត្តិធម៌របស់សាកលវិទ្យាធិការនៃសាកលល័យភ្នំពេញអន្តរជាតិ។ សម្តេចតេជោបានថ្លែងថា កាលពីជាង១០ឆ្នាំមុន បើសម្តេចមិនបានសង្គ្រោះលោកស្រី ទេព កូលាប ទេនោះសាកលវិទ្យាល័យ PPIU នឹងដួលរលំ។ សម្តេចតេជោក៏បានអរគុណដល់តុលាការកំពូល ដែលបានកាត់ក្តីឱ្យស្វាមីលោកស្រី ទេព កូលាប រួចផុតពីការចោទប្រកាន់។ សម្តេចមានប្រសាសន៍រំលឹកថា សម្តេចបានខ្ចីលុយគេជិត៣លានដុល្លារ ដើម្បីសងឧកញ៉ា កុក អាន ជំនួសលោកស្រី ទេព កូលាប។ សម្តេចតេជោ បានចាត់ទុកសំណុំរឿងលោកស្រី ទេព កូលាប និងឧកញ៉ា កុក អាន ជារឿងអយុត្តិធម៌។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាលអត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវរៀបចំធ្វើក្នុងខែវិច្ឆិកាខាងមុខនេះ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអោយក្រសួងអប់រំយុវជន និងកីឡា ពិចារណា រៀបចំអោយកុមារដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់ធ្វើសំណង់ ទាំងប្តីទាំងប្រពន្ធ ដូច្នេះត្រូវរកសាលារៀនដែលនៅក្បែរៗការដ្ឋានសំណង់នោះអោយកុមារបានទទួលការអប់រំផង។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារ និងក្រសួងអប់រំ គិតគូរឱ្យកុមារតាមឪពុកម្តាយទៅធ្វើការនៅថៃ ទទួលបានការអប់រំផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តីក្នុងសំណុំរឿងរបស់សម្តេចប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង។ សម្តេចតេជោបានមាន ប្រសាសន៍ថា ការដែលសម្តេចតាមប្តឹងដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេចតែប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងថា ការចង់បានរបស់សម្តេចលើបណ្តឹងនេះ មិនមែនចង់បានលុយរបស់បុគ្គលនោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់របស់បុគ្គលនោះ។

...

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងជាង២ពាន់ នាក់នៅថ្ងៃនេះ ក៏ដូចជាអបអរសាទរចំពោះអ្នកណាព្យាបាល ឪពុកម្ដាយទាំងអស់ ដែលបានផ្ដល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រប្រកបដោយភាពជោគជ័យនៅពេលនេះ និងជូនពរអោយទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ ជាបន្តបន្ទាប់ទៀត៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print