ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពការងារ ការកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នប្រកួតប្រជែងអន្តរជាតិ ដំណើរការនៃការតាក់តែងបទប្បញ្ញត្តិ ដែលបានដាក់ក្នុងរបៀបវាៈសម្រាប់កិច្ចប្រជុំលើកទី២នេះ និងទិសដៅការងារបន្ត។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
(១) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧។
(២) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ។
(៣) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង៕ ដោយ៖សហការី