ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការងារ ជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ គ្រោង នឹងបញ្ចប់រួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអ៊ុំទូកនេះ ។
មន្ត្រីរដ្ឋជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១តុលាឆ្នាំ២០២២ នេះថា៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកប ដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ(40th & 41st ASEA N Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទី មីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះ តាមការការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនេះ ត្រូវអោយរួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអ៊ុំទូក។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺចាប់អនុវត្តពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដើម្បីកុំអោយកកស្ទះចរាចររំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយ រួចមកហើយផងដែរ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ សហពន្ធ័រុស្ស៊ីនេះសូមមេត្តាយោគយល់ និងអធ្យា ស្រ័យ ចំពោះការរំខានក្នុងការធ្វើរបស់បងប្អូនផង ៕
ដោយ៖សំរិត