ភ្នំពេញ : នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក អ៊ុក ដាមរី សមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា និងជាអគ្គលេខាធិកា CAPPD រួមជាមួយ លោក សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងលោកស្រី ម៉ក់ វណ្ណស៊ីថា សមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការផ្ទេរគណនីថ្នាក់ជាតិ សម្រាប់សមាជិកសភាអាស៊ី-ប៉ាសុីហ្វិក មន្ត្រីNC និងអង្គការដៃគូរ តាមប្រព័ន្ធZoom ដែលភ្ជាប់ចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន មកកាន់វិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំខាងលើដឹកនាំ និងសម្របសម្រួលដោយ លោក Srinivasa TATA នាយកផ្នែកអភិវឌ្ឍន៍សង្គម នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងមានការអញ្ជើញ ចូលរួមពីលោកជំទាវ Aishath Mohamed DIDI រដ្ឋមន្ត្រីក្រសួង យែនឌ័រ គ្រួសារ និងសេវាសង្គម នៃប្រទេសម៉ាឌីវ និងលោក Sang-Hyop LEE សមាជិកជាន់ខ្ពស់ នៃមជ្ឈមណ្ឌល East-West និងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Hawaii។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងផ្តល់ក្របខ័ណ្ឌសម្រាប់ការអង្កេតអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃអាយុប្រជាជនដែលមានឥទ្ធិពលលើការអភិវឌ្ឍជាតិ សន្តិសុខសេដ្ឋកិច្ច សមធម៌ជំនាន់ សមភាពយេនឌ័រ ហិរញ្ញវត្ថុសាធារណៈ និងបញ្ហាគោលនយោបាយសាធារណៈ សំខាន់ៗជាច្រើនទៀត ៕
ដោយ : សហការី