ខេត្តព្រៃវែង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក សឿង សុជាតិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ២០គ្រួសារ មកពីឃុំចំនួន ៤គឺ៖ ឃុំស៊ាងឃ្វាង ត្របែក ដូនកឹង និងឃុំស្មោងជើង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត និង លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេសសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលជួបការលំបាកបែបនេះ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្ភារៈផ្តល់ជូន ១គ្រួសារទទួលបាន៖ អង្ករ ២០គ.ក មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ៣ដប និងថវិកាចំនួន ៣០,០០០រៀល ៕
ដោយ : សហការី