ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី១១ខែតុលាបានប្រកាសថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូ ។ ទន្ទឹមនឹងនោះប្រធានាធិបតីអាមេរិកបានលើកឡើងពីលទ្ធភាពនៃជំនួបពិភាក្សាជាមួយប្រធានាធិបតីពូទីន បន្ទាប់ពីកិច្ចប្រជុំG20 នាខែវិច្ឆិកាខាងមុខ ។
ស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង ក្រោយពេលក្រុមចារកិច្ចអ៊ុយក្រែននៅពីក្រោយការវាយប្រហារទៅលើស្ពានគ្រីមៀ។ រុស្សីក៏បានវាយប្រហារតបតវិញដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែន ។
នៅពេលនេះដែរ សម្ព័ន្ធយោធាណាតូបានឱ្យដឹងថា ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធនុយក្លេអ៊ែរតាមការគ្រោងទុកនៅសប្ដាហ៍ក្រោយនេះ បើទោះជាកំពុងមានភាពតានតឹងជាមួយរុស្ស៉ី និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់លោកពូទីន នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែនក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ អគ្គលេខាធិការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ដែរថា សមយុទ្ធនុយក្លេអ៊ែរខាងលើគឺជាសមយុទ្ធប្រចាំជាទម្លាប់ធម្មតាដែលត្រូវបានគ្រោងទុកអស់រយៈពេលជាយូរមកហើយ ពោលគឺនៅមុនរុស្ស៉ីឈ្លានពានអ៊ុយក្រែនមកម្ល៉េះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថា តើវាជាគំនិតល្អដែរទេដែលគេគួរតែលុបចោលសមយុទ្ធយោធានេះដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយរុស្ស៉ី លោក ស្ដូលធិនបឺគ បានសង្កត់ធ្ងន់ដូច្នេះថា «វានឹងក្លាយជាការបញ្ជូនសញ្ញាខុស ប្រសិនបើយើងលុបចោលសមយុទ្ធជាទម្លាប់មួយនេះដែលត្រូវបានគ្រោងទុកជាយូរណាស់មកហើយ ភ្លាមៗក្នុងពេលនេះដោយសារតែសង្រ្គាមនៅអ៊ុយក្រែន»។ លោកបន្ថែមថា មានតែសមត្ថភាពយោធា ខ្លាំងក្លារបស់ណាតូទេដែលជាមធ្យោបាយល្អក្នុងការបង្ការកុំឱ្យជម្លោះផ្ទុះឡើងកាន់តែធំ។
សមយុទ្ធនុយក្លេអ៊ែររបស់ណាតូ ដែលមានឈ្មោះថា «Steadfast Noon» នឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ ក្នុងចម្ងាយជាង ១,០០០គីឡូម៉ែត្រពីរុស្ស៉ី ដោយមានការចូលរួមពីយន្ដហោះចម្បាំងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមកពីប្រទេសចំនួន១៤ ក្នុងចំណោមសមាជិកទាំង៣០ប្រទេសរបស់អង្គការណាតូ ហើយសមយុទ្ធនេះនឹងមិនមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពិតៗនោះទេ៕ ដោយធីរីណា
រូបថត: tienphong.vn
រូបថត : Reuters