ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារ នាំយកនូវកាណូតចំនួន ៤គ្រឿង និងអាវពោងសុវត្ថិភាពចំនួន ២០០អាវ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា និងពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំចំពោះ លោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខរបស់ប្រជាជន ពិសេសក្នុងកាលៈទេសៈដែលប្រជាជនមួយចំនួននៅខេត្តកំពង់ធំ កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងាររបស់មេបញ្ជាការកងទ័ពជើងគោក បានចាត់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកកាណូតទាំងចំនួន ៤ គ្រឿង នេះទៅប្រគល់ជូនផ្នែកសឹករងស្ទោង និងផ្នែកសឹករងកំពង់ស្វាយ ដេីម្បីរៀបចំការងារបច្ចេកទេស ដេីម្បីបេសកកម្មបម្រើប្រជាជនឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ៕
ដោយ : សហការី