អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ នៅថ្ងៃទី១១ខែតុលា បានប្រកាសថា នឹងបន្តរក្សាកៅអីខ្ពស់នៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែក្រោយ។ ប៉ុន្តែអ្នកនយោបាយជើងចាស់នេះមិនបានបញ្ជាក់ថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រី លើកទីបីដែរឬក៏យ៉ាងណានោះទេ ប្រសិនបើគណបក្សសម្ព័ន្ធភាពរបស់លោកទទួលបានជ័យជម្នះនោះ។
លោក Mahathir Mohamad បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា «យើងមិនទាន់សម្រេចថាតើអ្នកណាជាអ្នកធ្វើនាយករដ្ឋមន្ត្រីនោះឡើយ ដោយការជ្រើសរើសបេក្ខភាពគឺក្នុងពេលដែលយើងទទួលបានជ័យជម្នះ»។ លោក Mahathir Mohamad បានប្រកាសថា លោកនឹងខិតខំការពារ សំឡេងភាគច្រើននៅលើកោះ Langkawi ។
ប្រសិនបើគណបក្សរបស់លោក Mahathir Mohamad ទទួលបានជ័យជម្នះនោះ លោកអាចក្លាយជាបេក្ខភាពមានវ័យច្រើនបំផុតមិនធ្លាប់មាន ហើយប្រសិនបើលោកដឹកនាំប្រទេស៥ឆ្នាំទៀតនោះលោកនឹងមានវ័យជាង១០០ឆ្នាំហើយ។
នៅថ្ងៃទី១០ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសរំលាយរដ្ឋសភា ជាការបើកផ្លូវសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ នាយករដ្ឋមន្ត្រី Ismail Sabri Yaakob រងគំនាបយ៉ាងខ្លាំងពីសម្ព័ន្ធភាពកាន់តំណាចដែលទាមទារឲ្យបោះឆ្នោតមុនពេលកំណត់ ៕ ដោយធីរីណា
រូបថត : Reuters