ខេត្តកោះកុង៖ អាវរងាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះយកមកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នាសៀលថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹក ជួសមុខនាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ៗរូប។
លោកបានបន្តថា ក្រៅពីផ្គត់ផ្គង់គោលរបបលើកទឹកចិត្តផ្សេងៗ មានថវិកា និងសម្ភារ:នោះ គឺនៅរដូវវស្សាសម្តេចបានចែកអាវភ្លៀង រីឯនៅរដូវរងារ សម្តេចបានចែកអាវរងារជារៀងរាល់ឆ្នាំ។
បន្ថែមពីនេះ លោកបានណែនាំយោធិនទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច ស្របទៅតាមបទបញ្ជា ពិសេសត្រូវថែរក្សាសុខភាពឲ្យបានរឹងមាំ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការពារជាតិទឹកដីឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន៕ ដោយ៖សហការី