ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រផលិតភេសជ្ជៈខារ៉ាបាវជិះម៉ូតូចេញពីរោងចក្រ ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដែលកំពុងបើកឆ្លងកាត់ទទឹងផ្លូវបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខរោងចក្រសីកូ ក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ ទន់ ម៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រខារ៉ាបាវ នៅភូមិស្រែញរ សង្កាត់ពងទឹក ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកកំពង់លាវ ខេត្តព្រៃវែង ។
បើតាមកម្មកររួមការងារបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ៊រីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-0193 ចេញពីរោងចក្រក្នុងគោលបំណងឆ្ពោះទៅផ្ទះជួលនៅភូមិទួលពង្រ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉ក ដែលកំពុងបើកឆ្លងផ្លូវពីលិចទៅកើតបត់ឆ្ពោះទៅជើងបណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងម្ខាង ភ្លាមៗអ្នកបើកម៉ូតូរុឺម៉កបានរុញរុឺម៉កដាក់ទៅកៀន ហើយគេចខ្លួនបាត់ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខ ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯម៉ូតូរុឺម៉ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕ ដោយ៖សុខាសែនជ័យ