ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់(ស្រី២នាក់) និងរបួសស្រាល ២នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១០នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក។
គួរជម្រាបដែរថា ក្នុងរយៈពេល១៤ថ្ងៃ(ថ្ងៃទី០១-១៤ ខែតុលា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន៣២.១៥១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣.៧៩០គ្រឿង ម៉ូតូមានចំនួន ៣.០៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖ស តារា