កុមារីដែលត្រូវបានគេរំលោភតាំងពីអាយុ៩ឆ្នាំស្នើសុំអយ្យការអមសាលាដំបូងខេត្តកំពង់ធំផ្តល់យុត្តិធម៌ជូនគាត់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កុមារី ស.ភ រស់នៅភូមិទួលគ្រើស ឃុំទួលគ្រើស ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទូចដល់ស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចំពោះករណីជនសង្ស័យឈ្មោះ ញ៉ូត ញាន ហៅយក្ស អាយុ៣៤ឆ្នាំ ត្រូវជាបងថ្លៃ ដែលបានធ្វើសកម្មភាពរំលោភនិងគំរាមកំហែងរកសម្លាប់ដល់រូបនាង។

ជនសង្ស័យឈ្មោះ ញ៉ូត ញាន បានចាប់រំលោភនាងដំបូងនៅអាយុ៩ឆ្នាំ នៅឆ្នាំ២០១៩ ក្នុងពេលដែលជនសង្ស័យខាងលើទៅលើកត្រីនៅអូរក្បែរផ្ទះ ហើយហៅនាងឱ្យកាន់ធុងសម្រាប់ដាក់ត្រីឱ្យ។ ក្រោយពីលើកត្រីរួចរាល់ ឈ្មោះ ញ៉ូត ញាន បានចាប់ផ្តើមធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច និងគំរាមសម្លាប់ចោលបើហ៊ានប្រាប់ទៅអ្នកណាផ្សេងទៀត។ ដោយមានសេចក្តីខ្លាចកុមារី ស.ភ រស់នៅជាមួយអ៊ំ ទ្រាំលាក់រឿងនេះរហូតក្នុងសភាពភ័យខ្លាច មិនឱ្យអ្នកផ្សេងដឹងនោះទេ។ រហូតដល់ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន ហៅ យក្ស បានប៉ុនប៉ងរំលោភចំនួន៣ដងរហូតបានសម្រេចទៀត។

កុមារី ស.ភ បានបន្តទៀតថា លើកទី១ នៅខែសីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានចាប់រំលោភនាងនៅពេលដែលនាងកំពុងបេះជី ដោយបានចាប់អោបពីក្រោយ ហើយនាងបានរើបម្រះ ស្របពេលមានអ្នកភូមិដើរមកផងនោះ ឈ្មោះ ញ៉ូត ញាន ក៏បានលែងនាង។ លើកទី២ នៅម៉ោងប្រហែល០៨យប់ ក្នុងខែសីហា ដដែល នៅពេលដែលនាងកំពុងឱ្យបាយឆ្កែម្តងទៀត ប៉ុន្តែត្រូវបានអ៊ំស្រីដែលនាងរស់នៅជាមួយជាមួយចុះពីលើផ្ទះមក ធ្វើជនសង្ស័យរត់ចេញទៅវិញ។ ដោយសារមានភាពខ្មាសអៀន ការគំរាមកំហែង និងជាប់សាច់ញាត្តិ (បងថ្លៃជីដូនមួយ) នាងមិនទាន់ហ៊ានប្រាប់ទៅអ៊ំស្រីរបស់នាងនោះទេ ព្រោះខ្លាចអ៊ំស្រីមិនជឿផង និងខ្លួនគ្មានម្តាយជាទីពឹងរស់នៅជាមួយផង ក៏ប្រឹងលាក់ទុកបន្តទៀត។ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានធ្វើការចាប់រំលោភនាងនៅក្នុងតូបកាត់សម្លៀកបំពាក់របស់បងស្រីជីដូនមួយ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យរហូតបានសម្រេច។

លោកស្រី ចឹង ហៀង ម្តាយចិញ្ចឹម (អ៊ំស្រីបង្កើត) បញ្ជាក់ថា កុមារីនេះ លោកស្រីបានចិញ្ចឹមតាំងពីអាយុ៤ឆ្នាំមកម្ល៉េះ គឺក្រោយពេលដែលម្តាយឪពុកបង្កើត បានផ្ញើ និងធ្វើចំណាកស្រុកនៅប្រទេសថៃ ព្រោះជីវភាពក្រលំបាក បើគិតទៅគាត់ស្រឡាញ់ និងចាត់ទុកជាកូនបង្កើតរបស់ខ្លួនទៅហើយ។ លោកស្រីបន្តថា កន្លងមកប្រហែលពីរឬបីខែមុនកើតហេតុជនរងគ្រោះតែងតែសម្តែងនូវការមិនពេញចិត្តនៅពេលឃើញមុខឬហូបបាយជាមួយជនសង្ស័យ, ប៉ុន្តែលោកស្រីតែងតែប្រាប់ទៅក្មួយស្រីថា កុំធ្វើដូច្នេះ ព្រោះជាបងប្អូននឹងគ្នា។ មិនតែប៉ុណ្ណោះ ពេលខ្លះក្មួយស្រីដែលជាជនរងគ្រោះជេរជនសង្ស័យអាក្រក់ស្តាប់ លោកស្រីក៏តែងតែណែនាំ មិនឱ្យនិយាយស្តីពាក្យមិនសមរម្យដាក់បងនោះដែរ។ លោកស្រីបន្ថែមថា លោកស្រីមិនដែលបានចាប់អារម្មណ៍ និងសង្ស័យនោះទេ ព្រោះប្រពន្ធរបស់ ញ៉ូត ញាត គឺក្មួយស្រីបង្កើតរបស់លោកស្រី មានមុខរបរជាគ្រូបង្រៀន រស់នៅផ្ទះទល់មុខគ្នា ឆ្លងកាត់ទៅមក ដូចផ្ទះតែមួយ ហើយឈ្មោះ ញ៉ូត ញាត មានមុខរបរជាងជួសជុលគោយន្ត ត្រាក់ទ័រ មិនសូវចេះផឹកស៊ី នោះទេ។

លោកស្រីបន្ថែមថា លោកស្រីបានដឹងដំណឹងនេះ ពីសិស្សសាលាដែលត្រូវជាមិនមិត្តភក្តិក្មួយស្រីមកលួចប្រាប់ព្រោះ ក្មួយលោកស្រីបានប្រាប់មិត្តភក្តិឱ្យជួយ។ ក្រោយពីដំណឹងនេះ លោកស្រីបានប្តឹងប៉ុស្តិ៍នគរបាល ដើម្បីស្វែងរកយុត្តិធម៌ និងការពារកុំឱ្យជនសង្ស័យធ្វើបាបក្មួយបន្តទៀត។ ចាប់តាំងពីជនសង្ស័យត្រូវបានឃាត់ខ្លួនមក ក្មួយស្រីបានទៅរៀនធម្មតា និងហាក់ដូចជាមានអាការល្អប្រសើរជាងមុន។ លោកស្រី ចឹក ហៀ ស្នើទទូចដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ផ្តល់យុត្តិធម៌ដល់ក្មួយស្រីកំសត់ និងស្នើដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ផ្តល់យុត្តិធម៌ដល់កូនចៅរបស់សម្តេច ដាក់ទោសជនសង្ស័យទៅតាមច្បាប់ដោយសុក្រឹតបំផុត។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ញ៉ូត ញាត បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តុះអាសន្ន និងក្រោមការស៊ើបសួរពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំជាងមួយខែហើយ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មកម្ល៉េះ៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print