ភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងបើកបរចុះពីលើស្ពានអាកាស៧មករា យ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដែលគេរំកិលដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ស្របពេលការជួសជុលផ្លូវសហព័ន្ធរុស្សុី បណ្ដាលឱ្យខ្ទាតទៅប៉ះរថយន្ត ហាយឡេនឌ័រមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករបួសធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ខាងលិចគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅចំណុចកើតហេតុមានក្រុមការងារស្ថាបនាផ្លូវបានរំកិលរបាំងថ្មដើម្បីបញ្ចៀសចរាចរណ៍កុំឱ្យមានការកកស្ទះងាយស្រួលជួសជុលផ្លូវ និងមានដាក់ស្លាក ព្រមទាំងភ្លើងសញ្ញាត្រឹមត្រូវ។ពេលនោះក៏រថយន្តម៉ាកកាមរីហាយប្រ៊ីដ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2 C-5969 ធ្វើដំណើរចុះពីលើស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់បណ្ដាលឱ្យខ្ទាតទៅប៉ះរថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2N-1279 ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីជំហៀងរថយន្តហាយឡេនឌ័រខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខ្ទេចមួយកំណត់ស្ទើទាំងស្រុង តែសំណាងល្អមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ភ្លាមនោះម្ចាស់រថយន្តបង្កបានប្រមូលសម្ភារដែលនៅក្នុងរថយន្តគេចខ្លួនបាត់ស្រមោលទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ