ខេត្តកំពង់ចាម ៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងពេលកន្លងទៅថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះព័ត៌មានបំផ្លើសការណ៍ពិតស្តីអំពីការរុះរើព្រះវិហារដែលមានសភាពទ្រុឌទ្រោម បាក់បែកធ្លុះធ្លាយដោយអន្លើៗ នៅវត្តពោធិព្រឹក្ស ហៅវត្តតាកុច ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានរុះរើកាលពីថ្ងៃសុក្រ ៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នោះ មន្ទីរសូមបញ្ជាក់ជូនពីសារបានដូចខាងក្រោម៖
១.វត្តនេះចាប់ផ្ដើមកាប់ឆ្ការព្រៃកសាងតាំងពីឆ្នាំ១៩២៧ ដោយព្រះតេជព្រះគុណ ម៉ី ស៊ាង រហូតដល់ឆ្នាំ១៩៣១ទើបមានការទទួលស្គាល់ជាអារាមពីអាជ្ញាធរមូលដ្ឋានក្នុងសម័យនោះ បើគិតមកទល់ពេលនេះ វត្តពោធិព្រឹក្សទើបមានអាយុកាល៩៥ឆ្នាំ តែប៉ុណ្ណោះ។
២.ចំពោះព្រះវិហារវត្តពោធិព្រឹក្សចាប់ផ្តើមកសាងនៅឆ្នាំ១៩៨៧ ដែលមានព្រះសង្ឃជាមេជាងដឹកនាំកសាង ជាសំណង់ខ្វះបច្ចេកទេស បានកសាងរួចនៅឆ្នាំ១៩៩០ ហើយបានប្រារព្ធធ្វើពិធីបុណ្យបញ្ចុះ ខណ្ឌសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥ បើគិតពីឆ្នាំកសាងរួចមកដល់ពេលនេះមានអាយុកាល៣២ឆ្នាំ តែបើគិតពីឆ្នាំបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ ទើបមានអាយុកាល២៧ឆ្នាំតែប៉ុណ្ណោះ។
៣.ចំពោះបណ្តាញសង្គមមួយចំនួនដែលបានសរសេរបង្ហោះថា ព្រះវិហារវត្តពោធិព្រឹក្សនេះមានអាយុកាលជាង៤០០ឆ្នាំនោះគឺជាព័ត៌មានក្លែងក្លាយបំផ្លើសការណ៍ពិត មិនបានពិនិត្យស្រាវជ្រាវប្រវត្តិវត្តនិងព្រះវិហារឱ្យបានច្បាស់លាស់នោះឡើយ ជាព័ត៌មានដែលមានចេតនាអាក្រក់ធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
៤.មន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម សូមសំណូមពរដល់សាធារណជនទាំងអស់កុំឱ្យមានការយល់ច្រឡំតាមព័ត៌មានក្លែងក្លាយមិនពិតនេះ និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបន្តទៀត បើសិនជាមានបុគ្គលណាមួយនៅតែបន្តផ្សព្វផ្សាយទៀត អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធនឹង ចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណៈ