អគ្គិភ័យឆាបឆេះផ្ទះរបស់ពលរដ្ឋទុកចោលមួយកន្លែងយ៉ាងសន្ធោសន្ធៅ ( មាន​វីដេអូ​ )

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យានឆាបឆេះផ្ទះរបស់ពលរដ្ឋដែលចាក់សោទុកចោលមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងជួយបាញ់ពន្លត់ ហើយសំណាងល្អដែរដែលក្នុងករណីអគ្គិភ័យនេះមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

     ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចលេខ២៨២កែងជាមួយនឹងវិថីត្រសក់ផ្អែម ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះដែលចាក់សោទុកចោល។ បន្តិចក្រោយមកផ្សែងនោះកាន់តែហុយខ្លាំងបណ្ដាលឱ្យភ្លើងកាន់តែធំបង្កការឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅខាងក្នុងផ្ទះ។ ឃើញដូច្នេះបងប្អូនពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យទាក់ទងទៅកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចេញរថយន្តគ្រប់គោលដៅជាច្រើនគ្រឿងមកដល់កន្លែងកើតហេតុដើម្បីធ្វើការបាញ់ពន្លត់។

     លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានប្រាប់ឱ្យដឹងថា ទីតាំងដែលកើតហេតុនេះគឺជាទីតាំងដែលគេបានចាក់សោទុកចោលមិនមានបងប្អូនពលរដ្ឋរស់នៅនិងខូចខាតសម្ភារនោះទេ គ្រាន់តែខូចខាតតួផ្ទះប៉ុណ្ណោះ។

    នៅក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបង្ការ ពន្លត់និងសង្គ្រោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយបាញ់ពន្លត់ជាស្ថាពរ។ ចំពោះការសន្និដ្ឋានជំហានដំបូងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ រ៉ារ៉ា

 

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print