ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងនៅថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា កាសុីណូហ្គូដវើលដ៍ (Good World casino ហៅកាសុីណូ ស្រះទឹក) បានលួចបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ដែលជាទង្វើល្មើសច្បាប់ លោកបានចាត់ឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យជាក់ស្ដែង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ លោក បានដាក់បទបញ្ជាឱ្យកម្លាំងចុះអង្កេត ស្រាវជ្រាវ រកការពិតជាបន្ទាន់។ ក្រោយពីទទួលបទបញ្ជានេះ អធិការនគរបាល ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានចាត់កម្លាំង នគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំងកាសុីណូ ហ្គូដវើលដ៍ ហៅកាសុីណូ ស្រះទឹក ដែលមានទីតាំងនៅផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលាម្សិលមិញនេះ ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន បានឱ្យដឹង នាថ្ងៃទី២២ ខែតុលាថាៈ បន្ទាប់ពីចុះទៅដល់ទីតាំងកាស៊ីណូ ខាងលើ កម្លាំងមានសមត្ថកិច្ច បានរកឃើញ សកម្មភាព ដូចសេចក្តីរាយការណ៍ដែរ ហេតុនេះ កងកម្លាំងនរគបាល នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានហៅម្ចាស់ និងអ្នកទទួលខុសត្រូវ មកអប់រំ ណែនាំ និងធ្វីកិច្ចសន្យា ដល់ម្ចាស់ទីតាំងនូវករណី ខាងលើ ។
ជាមួយគ្នានេះ លោកអធិការក្រុង ក៏បានព្រមានដែរថា៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត នឹងចាត់ការអនុវត្តន៍តាមផ្លូវច្បាប់ជាធរមាន គឺចុះបង្ក្រាបតែម្ដង ប្រសិនបើជាមានករណីជាបន្តទៀត ៕ ដោយ៖សហការី