អាមេរិកបានដាក់ពង្រាយ កងពលឆត្រយោងលេខ១០១ ទៅកាន់តំបន់អឺរ៉ុបដើម្បីចូលរួមការធ្វើសមយុទ្ធយោធា។ មេបញ្ជាការកងទ័ពអាមេរិកបញ្ជាក់ថា កម្លាំងទាហាននោះបានត្រៀមលក្ខណៈចូលទៅក្នុងទឹកដីអ៊ុយក្រែន បើទោះបីសេតវិមានបានបញ្ជាក់ថានឹងមិនចូលរួមក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះក្តី។
សារព័ត៌មាន CBS News បានផ្សាយថា «កងពលឆត្រយោង លេខ១០១ របស់អាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងតំបន់អឺរ៉ុបជាលើកដំបូង ក្រោយរយៈពេលជិត៨០ឆ្នាំក្នុងពេលដែលការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអង្គការណាតូ ដឹកនាំដោយអាមេរិក។
អគ្គមេបញ្ជាការកងពលឆត្រយោងលេខ ១០១ ដោយមានរហស្សនាមថា «សម្រែកឥន្ទ្រី» បានបញ្ជាក់ថា ទាហានបានត្រៀមលក្ខណៈចូលទៅកាន់អ៊ុយក្រែនគ្រប់ពេលវេលា។ នៅពេលនេះកម្លាំងទាហានអាមេរិកនិងណាតូបានត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្លងចូលទៅកាន់ព្រំដែនអ៊ុយក្រែនក្នុងពេលចាំបាច់។
តាមសារព័ត៌មាន CBS News បានឱ្យដឹងថា កងពលឆត្រយោងអាមេរិក លេខ១០១ មានទាហានសរុប ៤៧០០នាក់ ឈរជើងនៅក្នុងប្រទេសរ៉ូម៉ានី ។ ក្នុងពេលនេះមន្ត្រីរដ្ឋាភិបាលអាមេរិកបានលើកឡើងថា ទាហានអាមេរិកនឹងមិនចូលរួមនៅក្នុងសង្គ្រាមអ៊ុយក្រែននោះឡើយ៕ ដោយធីរីណា
រូបថត : U.S. Army