សម្តេចតេជោ​ ហ៊ុន​ សែន​៖ ការចូលព្រៃតស៊ូមិនស្គាល់ និងមិនមែនតាមប៉ុលពតទេ គឺតាមការអំពាវនាវរបស់ព្រះបិតា

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែង​រម្លឹក​ពីកា​រ​ខិតខំ​របស់​សម្តេច​ក្នុង​ការ​ស្វែង​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​កម្ពុជា​មាន​ការ​បែក​បាក់​ជា​យូរ​លង់​មក​ហើយៗសម្តេចបញ្ជាក់ថា ការចូលព្រៃតស៊ូ​របស់​សម្តេច​ពី​អតីត​កាល​មិនមែន​តាម​ប៉ុល​ពត​ទេ​ ពោល​គឺសម្តេចមិនស្គាល់ប៉ុលពតឡើយ។​ ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ បានធ្វេីឡេីង​នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ ក្នុងពិធីជួបសំណេះសំណាល​ចែកស្រូវ​ពូជ​ និង​ស្បៀងជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់​ធ្ងរ​ចំនួន ៥០០០គ្រួសារនៅខេត្តបន្ទាយមានជ័យ និងដោយ​សារ​ថ្ងៃ​នេះ​ជា​ខួប​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ ចូលព្រៃតស៊ូតាមការអំពាវនាវរបស់ព្រះបិតារបស់យើង ហើយការ​ដែល​ប៉ុលពត​គ្រប់គ្រង​គឺ​ដោយសារ​ប៉ុលពត​ប្លន់អំណាច។​ សម្តេចតេជោ​ ក៏បានបន្តរម្លឹកពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលតែងតែមានអ្នកវិភាគយកមកបំភ្លៃការពិតទាញយកនូវគុណសម្បត្តិកេងចំណេញផ្នែកនយោបាយ។

ទោះជាយ៉ាងណា សម្តេចថា អ្នកវិភាគដ៏ឆ្អិនឆ្អៅខ្លះនោះ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃ​២៣តុលាអ្នកទាំងនោះនៅដើរស្រាតនៅឡើយទេ។សម្តេចបានបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសបានបញ្ចូលធាតុទៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអស់ហើយ។

ជាមួយគ្នានោះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់។

-សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរទាំងអស់ ដើម្បីឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ។​ ខណៈ​សម្តេចតេជោ ហ៊ុន សែន ទុកអង្ករ ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ ឱ្យអាជ្ញាធរខេត្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវសម្តេចពាក់ពេលជួបប្រជាកសិករ អាចនឹងត្រូវគេយកទៅតម្កល់ទុកនៅពេលសម្តេចចាកចេញពីនយោបាយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីកសិកម្ម​ ការព្រោះស្រូវនៅតំបន់ខ្លះក្រាស់ពេក។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មបន្តចុះសិក្សាស្រាវជ្រាវលើបច្ចេកទេសព្រោះស្រូវ និងការប្រើប្រាស់ជី ដើម្បីធានាឱ្យកសិករធ្វើស្រែទទួលបានផលចំណេញ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចដឹកនាំប្រទេសមក សម្តេចតែងប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មកុំឱ្យក្លាយជាមនុស្ស «អត់ពូជ»។ «អត់ពូជ» គឺសម្តៅដល់ពូជស្រូវ និងដំណាំផ្សេងៗ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាកសិករដែលបានទទួលស្រូវពូជនាព្រឹកថ្ងៃនេះ ទទួលបាន ១០០គីឡូក្រាមស្មើគ្នា។

-សម្តេចតេជោ ហ៊ុន សែន ស្នើដល់កសិករប្រើស្រូវពូជមិនអស់ សូមចែករំលែកទៅអ្នកប្រើមិនគ្រប់។

-សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋមានលទ្ធភាព ជុំវិញការផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋរងគ្រោះរងគ្រោះដោយសារអតិផរណា ដែលនឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល មានប្រមាណ ៦០ម៉ឺនគ្រួសារ។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃម្សិលមិញមិនមានអ្នកឆ្លងកូវីដ១៩នោះទេ។ សម្តេចតេជោ បញ្ជាក់ថានេះហើយជាជោគជ័យនៃគោលនយោបាយវ៉ាក់សាំង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ រងគ្រោះដោយទឹកជំនន់នោះ ហើយក្នុងនោះមានប្រមាណ ២ម៉ឺនគ្រួសារ ត្រូវទទួលបានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានវិប្បដិសារី ចំពោះការមិនបានឧបត្ថម្ភថវិកាជូនស្ត្រីឆ្លើយឆ្លងជាមួយសម្តេច នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ តែទោះជាយ៉ាងណា សម្តេចបានចាត់ចែងឱ្យលោក សេង ទៀង ផ្ញើប្រាក់ជូនរួចហើយចំនួន ១ពាន់ដុល្លារ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពទីក្រុងប៉ារីស ត្រូវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា។ ជាពិសេសការជួបគ្នារវាងសម្តេច នរោត្តម សីហនុ និងសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ ចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលប្រជាពលរដ្ឋមានទុក្ខ គឺមានមុខសម្តេចតេជោ ហ៊ុន សែ​ន និងគណបក្សប្រជាជនជានិច្ច។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលរួមតស៊ូដណ្តើមអំណាចថ្វាយសម្តេច នរោត្តម សីហនុ តែអាពត បានប្លន់អំណាច។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ។

-សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកស៊ីកេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងពីការកាត់ទោសខ្មែរក្រហមទេ?

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគដែលរត់ស្រាតខោពេលកើតមានកិច្ចព្រមព្រៀង កំពុងតាំងខ្លួនជាអ្នកចេះដឹង និងជំនាញលើកិច្ចព្រមព្រៀងប៉ារីស។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បកស្រាយបានពិរោះលើសសម្តេចជាហត្ថលេខីទៅទៀត។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង។

...

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print