ប្រាកដណាស់បណ្តាប្រទេសលោកខាងលិចនៅរក្សាភាពស្ងប់ស្ងាត់នៅឡើយមិនទាន់ឃើញមានប្រតិកម្មឬការជូនពរដល់ប្រធានាធិបតី ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការបក្សនិងជាប្រធានាធិបតីក្នុងអាណត្តិទី៣នេះទេ។ មកទល់ពលនេះឃើញមានប្រទេស ដូចជា រុស្ស៊ី កូរ៉េខាងជើង ប៉ាគីស្ថាន វៀតណាម …បានជូនពរ ប្រធានាធិបតី ស៊ី ដែលជាប់ឆ្នោតជាថ្មី។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យនេះបានផ្ញើសារអបអរសាទរប្រកបដោយភាពកក់ក្ដៅទៅកាន់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រមុខគណបក្សកុម្មុយ
នីស្ដចិនជាប្រវត្តិសាស្ត្រសម្រាប់អាណត្តិទី៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបានឱ្យដឹងថា លោក ពូទីន ពិតជាសប្បាយរីករាយដែលអាចនឹងបន្តកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធសំដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង២។ លោក ពូទីន ក៏បានជូនពរលោក ស៊ី ជីនពីង ឱ្យជួបតែវិបុលភាព និងជ័យជម្នះផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី
ជីនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនីស្ដចិនសម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។
ការបន្តកាន់តំណែងជាអគ្គលេខាធិការរបស់លោក ស៊ី ជីនពីង មានន័យថាលោកក៏នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ក្រោយការលុបចោលការកំណត់អាណត្តិប្រធានាធិបតីត្រឹម២អាណត្តិ។ ប៉ុន្តែការប្រកាសជាផ្លូវការនេះទៀតសោត នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣។
ក្រៅពីប្រធានាធិបតីពូទីន នៅមានអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ភូត្រុង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានជូនពរប្រធានាធិបតីចិន ស៊ី ជីនពីង មុនគេបង្អស់ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីបក្ស៕ ដោយធីរីណា
រូបថត : Xinhua
រូបថត : TTXVN