ក្រោយពេលរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងជាច្រើនក្នុងប្រទេសអ៊ុយក្រែន លោកខាងលិចមានក្តីបារម្ភយ៉ាងខ្លាំង ហើយការផ្តល់ជំនួយឱ្យអ៊ុយក្រែនក៏មិនអាចរារាំងរុស្ស៊ីបានដែរ។ ទាំងនោះហើយបានជាលោកខាងលិចជ្រើសរើសយកកិច្ចពិភាក្សាជាមួយរុស្ស៊ីវិញម្តង ។
នៅថ្ងៃទី២៣ខែតុលា រដ្ឋមន្ត្រីការការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Lloyd Austin លើបញ្ហាអ៊ុយក្រែន។ នេះជាកិច្ចពិភាក្សាតាមទូរស័ព្ទលើកទីពីរហើយក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ។ កន្លងមកលោក Sergei Shoigu បានជួបពិភាក្សាជាមួយលោក Lloyd Austin នៅថ្ងៃទី២១ខែតុលា ដោយផ្តោតលើកិច្ចពិភាក្សាពីបញ្ហាអ៊ុយក្រែននោះដែរ ។ កិច្ចពិភាក្សាទាំងនោះផ្តួចផ្តើមឡើងដោយអាមេរិក។
ក្រសួងការពារជាតិអាមេរិក ក៏បានបដិសេធផ្តល់ព័ត៌មានលម្អិតស្តីពីកិច្ចពិភាក្សាខាងលើនោះដែរ ។ ក្នុងថ្ងៃជាមួយគ្នានោះ បន្ទាបើពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយរុស្សុីរួចមក រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Anh Ben Wallace រដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu និងរដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar ដើម្បីផ្តល់ព័ត៌មាន ពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយរុស្ស៊ីលើបញ្ហាអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallace ផ្តោតទៅលើស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Sergei Shoigu បានប្រាប់លោក Ben Wallace ថា រុស្ស៊ីមានការព្រួយបារម្ភថាទីក្រុងកៀវអាចកំពុងរៀបចំប្រើប្រាស់ «គ្រាប់បែកកខ្វក់» នៅក្នុងប្រទេសអ៊ុយក្រែន ជាការអះអាងមួយដែលលោក Shoigu ធ្លាប់បានលើកឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង និងតួកគី កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ។ យ៉ាងនេះក្តី រុស្ស៊ីមិនបានបង្ហាញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងនេះឡើយ៕ ដោយធីរីណា
រូបថត : Zingnews.vn