ភ្នំពេញ៖ មានការចាប់អារម្មណ៍ មុននេះបន្ទាប់ពីកញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចចិត្តភ្ជាប់ពាក្យ នឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា បានទៅហើយ។ពិធីនេះត្រូវបានធ្វើឡើងក្រោយបង្ហាញភាពច្បាស់ និងការដឹងលឺពីចាស់ទុំពេលនេះពួកគេបានសម្រេចចិត្តរៀបចំពិធីជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២២នេះ។
មុននេះចំណងស្នេហាបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ងិន ម៉ារ៉ាឌី និង គូស្នេហ៍ បានបង្ហាញពីភាពផ្អែមល្ហែមស្អិតល្មួតនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមួយរយៈចុងក្រោយនេះ គេឃើញអ្នកទាំងពីរបណ្ដើរគ្នាទៅណាមកណាយ៉ាងត្រសងប្រៀបដូចជាលលកញីឈ្លោល សឹងមិនបែកគ្នាមួយជំហាន។មិនតែប៉ុណ្ណោះ ចាប់តាំងពីបើកបង្ហាញចំណងស្នេហ៍ឱ្យសាធារណជនបានដឹងមក ស្រីស្អាតម្ចាស់មកុដ រូបនេះ តែងទម្លាយសកម្មភាពផ្អែមល្ហែម តាមរយៈការង្ហោះរូបថតស្វីតៗនៅលើបណ្ដាញសង្គមឱ្យមហាជនបានឃើញពីភាពល្អូនល្អិនរបស់ពួកគេទាំងពីរសឹងមិនសល់ថ្ងៃ។ ដំណឹងដែលអ្នកគាំទ្រតែងសួរនោះគឺថ្ងៃណាពួកគេចូលរោងការជាផ្លូវការដែលនាងនៅមិនទាន់កំណត់នៅឡើយ៕
ដោយ វឌ្ឍនា