ខេត្តព្រៃវែង : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២នេះ បបានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ សំលៀកបំពាក់ និងថវិកាមួយចំនួនជូនដល់លោកយាយ ជិន ភឿន អាយុ ៨៥ឆ្នាំ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមតែម្នាក់ឯង ក្នុងភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លលោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។ លលោកស្រី បានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកយាយ។ ទន្ទឹមនឹងនេះ ដោយហេតុថាលោកយាយក៏នៅមានកូនចៅនៅក្បែរ ដែលជួយមេីលថែទាំផងដែរ ប៉ុន្តែដោយសារតែបំណងរបស់លោកយាយ ដែលចង់រស់នៅតែម្នាក់ឯងនោះ ទេីបធ្វេីឱ្យស្ថានភាពរបស់លោកយាយ មានការលំបាកដូចពេលនេះ។ ហេតុដូចនេះ សូមឱ្យកូនៗចៅៗ នៅបន្តថែទាំលោកយាយ បំពេញភាពកតញ្ញូ ឱ្យគាត់រស់នៅបានល្អប្រសេីរបន្តទៅមុខទៀត។»
ជាមួយគ្នានោះដែរ ដោយមេីលឃេីញថា ផ្ទះរបស់លោកយាយមានសភាពចាស់ទ្រុឌទ្រោម ហេីយដំបូលលិចទឹកផងនោះ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រីអគ្គលេខាធិការរងទី១ ក៏បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមេសាង ធ្វេីការសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ដេីម្បីជួយជួសជុលផ្ទះ និងរៀបចំលំនៅដ្ឋានរបស់លោកយាយឱ្យបានសមរម្យ ឱ្យខ្ពស់ផុតពីទឹក ហេីយមានបន្ទប់ទឹកក្នុងផ្ទះ ដែលមិននាំឱ្យលោកយាយពិបាកដេីររកបន្ទប់ទឹកឆ្ងាយដូចមុនឡេីយ ហេីយដែលការចំណាយជាបន្ទុករបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលេីនេះ លោកយាយ ជិន ភឿន បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក និងការជួយជួសជុលផ្ទះឱ្យបានសមរម្យទៀតផង៕
ដោយ : សហការី