ភ្នំពេញ : សេចក្ដីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត
១. តាងនាមកងកម្លាំងនគរបាលជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ជនក្បត់ ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ បំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗ ព្រះនាមយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឲ្យបរទេសថែមទៀតផង។
២. ក្នុងនាមកងកម្លាំងនគរបាលជាតិ ទូលព្រះបង្គំយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។
៣. អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី- ដែលថ្លើមធំពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
បំផុតនៃប្រជាជាតិខ្មែរ។
៤. ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែល មិនអាចអត់ឱនឲ្យបានជាដាច់ខាត។
៥. អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គព្រះ មហាក្សត្រ ដោយគ្មានការលើកលែងឡើយ។
៦. អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជា ឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
៧. អគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជាន នយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និង សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ : សិលា