ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកមោងឫស្សី ជាក់ស្ដែងដកហូតនិងរឹបអូសបានវត្ថុតាងបទល្មើសនេសាទជាច្រើនយកមកដុតកម្ទេចចោល។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យប្រឆាំងបទសេដ្ឋកិច្ច ប្រធានក្រុមប្រតិបត្តិការគោលដៅស្រុកមោងប្ញស្សី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការស្រុកមោងឫស្សី សហការជាមួយលោកវរសេនីយ៍ទោ អ៊ី សេងហុង ប្រធានស្នាក់ការទិសទន្លេសាបភូមិភាគទី៥ និងលោក តោ ថារី នាយរងផ្នែករដ្ឋបាលជលផលអន្លង់វិល កាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ បានចុះទៅបង្ក្រាបបទល្មើសនេសាទ ត្រង់ចំណុចបឹងកេស ក្នុងភូមិសាស្ត្រភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចចូលរួមសរុបចំនួន១១នាក់ និងប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ចំនួន ០៥គ្រឿង កាំបិតចំនួន ១០ដើម និងកណ្តៀវចំនួន ០៦ដើម ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ សាច់មងប្រវែង ៧៥០ម៉ែត្រ -ឡុកចាប់ត្រីចំនួន០២គ្រឿង -បង្គោលចំនួន៣០០ដើម ។ ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ។ ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕ដោយ៖សហការី