សម្តេចតេជោ ហ៊ុន សែន៖​ ប្រកាសអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ថ្លែងក្នុងពិធីប្រគល់ស្រូវពូជជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក្រោកឈរប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីយ៉ាងធ្ងន់ធ្ងរទៅលើអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖​ «២ថ្ងៃមុននេះ គេមិនត្រឹមតែជេរខ្ញុំទេ គេជេរទាំងព្រះមហាក្សត្រ ដូច្នខ្ញុំអំពាវនាវចំពោះប្រជាពលដ្ឋទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដើម្បីប្រឆាំងជនក្បត់ជាតិ ហើយទាំងបក្សណាដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិនេះ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាព នៃទឹកដីរបស់យើង»។

សូមជម្រាបថា​ កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»។

ក្រៅពីអំពាវនាវឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅអ្នកទាំងឡាយដែលផ្សារភ្ជាប់ជាមួយគណបក្សដែលក្បត់ជាតិនេះ គួរតែផ្តាច់ខ្លួនចេញ បើមិនដូច្នោះទេ អាចទទួលរងនូវផលលំបាកផ្សេងៗ។

សម្តេចថ្លែងថា «នេះមិនមែនជាការគំរាមកំហែងទេ ​ក៏ប៉ុន្តែវាជារឿងពិត ​នៅក្នុងប្រទេសមួយមិនអាចអនុញ្ញាតឱ្យមានបក្សក្បត់ជាតិបានទេ បក្សណាក៏ដោយដែលផ្សារភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិនេះ ចាំបាច់ត្រូវតែពិនិត្យមើលដោយតុលាការ ហើយយើងក៏មិនទុកឱ្យជនក្បត់ជាតិនេះ នៅបន្តការរំខាន បើជេរត្រឹមនាយករដ្ឋមន្ត្រី មិនអីទេ ប៉ុន្តែប៉ុន្មានថ្ងៃមុនវាជេរព្រះមហាក្សត្រ ឥឡូវវាជេរមហាក្សត្រ រហូតដល់ប្រើពាក្យថា “មហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង យើងតែងគោរពព្រះមហាក្សត្រ ដោយប្រទេសរបស់យើងជាប្រទេសរាជានិយម ដែលព្រះមហាក្សត្រ ទ្រង់គង់ជាប្រមុខរដ្ឋ មិនទាក់ទិននឹងនយោបាយទេ ហេតុអ្វីបានជាទៅដៀលព្រះមហាក្សត្រ ប្រមាថព្រះមហាក្សត្រដូច្នេះ?

សម្តេចបញ្ជាក់ទៀតថា «ដូច្នេះល្មមដល់ពេលហើយ បងប្អូនដែលរស់នៅក្នុងបក្សមួយដែលខ្ញុំមិនបញ្ចេញឈ្មោះទេ ក៏ប៉ុន្តែបានផ្សារភ្ជាប់​ជាមួយអាជនក្បត់ជាតិ៣ជំនាន់នេះ សូមឱ្យប្រញាប់ផ្តាច់ខ្លួនចេញ ហើយទៅចូលរួមជាមួយបក្សនយោបាយផ្សេងៗទៅ កុំនៅជាមួយបក្សនេះ បើនៅជាមួយបក្សនេះមានហានិភ័យ ដែលនឹងឈានទៅដល់ការអនុវត្តច្បាប់ ប្រសិនបើរកឃើញថា មានទំនាក់ទំនងជាមួយអាជនក្បត់ជាតិមួយនេះ»។

ប៉ុន្មានថ្ងៃនេះ ទោះបីជាទើបនឹងអំពាវនាវ ប៉ុន្តែសម្តេចបានសង្កេតឃើញថា ក៏មានដែរនូវព្រះសង្ឃ និងប្រជាពលរដ្ឋ ចេញសារជាបន្តបន្ទាប់ ប្រឆាំង និងថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៉ី។

សម្តេចបានបញ្ជាក់ថា «យើងមិនអាចទទួលយកបាន នូវរឿងបែបនេះ ហើយយើងក៏មិនអាចព្រងើយកន្តើយ មិនការពារចំពោះព្រះមហាក្សត្រ ​នោះទេ។ ព្រះមហាក្សត្រ ព្រះអង្គមិនតបតទៅ ប៉ុន្តែយើងក្នុងឋានៈជាប្រជាពលរដ្ឋ ដែលការពារព្រះមហាក្សត្រ ត្រូវតែរួមគ្នាដើម្បីការពារព្រះមហាក្សត្រ ការពាររបបរាជានិយម ការពាររាជបល្ល័ង្គ»។

សម្តេចតេជោសង្ឃឹមថា សមាជិកសមាជិកា ដែលធ្លាប់គាំទ្រជនក្បត់ជាតិនេះ ឆាប់ចាកចេញពីបក្សដែលផ្សារភ្ជាប់ជាមួយជននេះ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យមានទោសជាប់ខ្លួន ដោយសារការប្រមាថចំពោះព្រះមហាក្សត្រ ឬទង្វើក្បត់ជាតិទាំងឡាយ ដែលគេបានធ្វើកន្លងទៅ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេដែលទណ្ឌិត សម រង្ស៉ី បានប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ជននេះ ក៏ត្រូវបានតុលាការផ្តន្ទាទោសជាច្រើនករណី ក្នុងនោះក៏មានដែរនូវទោសប្រមាថចំពោះអង្គព្រះមហាក្សត្រ។

គួរបញ្ជាក់ថា​ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ​ បានប្រកាសសាលក្រមកាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។

ការប្រមាថយ៉ាងធ្ងនធ្ងរចំពោះអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី កំពុងល្មើសយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» និងល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ពុំមានក្ស័យធន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដល់ពលរដ្ឋរងគ្រោះនោះទេ ហើយ​ការទទួលបាននូវស្បៀងអាហារជាបន្តបន្ទាប់ ពីសប្បុរសជននានា មិនមែនជា​ការ​រាយ​អង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំងនោះដែរ ។

សម្ដេតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ ដល់ព្រះសង្ឃ សប្បុរសជននានា ដែលបានចូលរួមនូវស្បៀងអាហារ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរ​ង​គ្រោះដោយសារទឹកជំនន់ នៅឆ្នាំ២០២២នេះ ដែលសម្ដេចបានចាត់ទុកថា នេះ​ជា​ប្រពៃណី​របស់ពលរដ្ឋខ្មែរ ដែលតែងតែជួយគ្នាក្នុងគ្រាលំបាក ។

...

សម្ដេចតេជោ បានបន្តថា សម្រាប់ការទទួលនូវស្បៀងអាហារ ពីសប្បុរសជន ជាការ​ចូលរួ​ម​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌ មិនមានការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំង មក​លើ​រាជរដ្ឋាភិបាល៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print