ឃុំខ្លួនគ្រូទាយម្នាក់ពីបទឆបោកនិង រំលោភលើទំនុកចិត្ត ពាក់ព័ន្ធលក់ដីខ្យល់ជាង៥០ហិកតានៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ភាគច្រើនគេស្គាល់គាត់ជាគ្រូទាយមើលជោគជតារាសីនៅប្លុកបុរីពិភពថ្មីកំបូល២ និងបុរីពិភពថ្មីកំបូល៣ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ៥១ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ ហិកតានៅខេត្តកំពង់ស្ពឺ ។ ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ៧០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ការចាប់ខ្លួនជនត្រូវចោទរូបនេះត្រូវបានសមត្តកិច្ចបង្ហើបឱ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងដីកាចាប់ខ្លួនបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ឈ្មោះ ប៊ុក សៅខាន ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវចោទប្រកាន់ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌដែលជាបទល្មើសមជ្ឈិមមានកំណត់ទោសលើសពី១ឡើងទៅ ។ តាមរយៈដីកាបញ្ជាឲ្យចូលខ្លួនលេខ៣០៧ អ.យ.ងចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ និងដីកាឱ្យចូលខ្លួនលេខ ៥៤៤ ញ ព្រ.ទចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានចូលខ្លួនតាមការកំណត់ឡើយ ដោយបានគេចខ្លួនមិនដឹងទៅទីណា។

ដើម្បីធានាដល់កិច្ចការស៊ើបសួរ គប្បីបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ប៉ុក សៅខាន យកមកប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ ទើបរសៀលថ្ងៃទី២៥ ខែតុលា សមត្តកិច្ចនគរបាលព្រហ្មទណ្ឌបាននាំខ្លួនស្ត្រីវ័យចំណាស់ឈ្មោះ ប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរតាមដីកាចាប់ខ្លួននោះ ។ បើតាមអង្គហេតុពីការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ឈ្មោះ ប៉ុក សៅខាន និង សាន សុខា ជាអ្នកលក់ដី ហៅថាភាគី(ក) ឱ្យទៅឈ្មោះ ជា សុខចិន្តា និងឈ្មោះ ខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថា ភាគី(ខ)។ ភាគី(ក)យល់ព្រមលក់ដីចំនួន៤៥ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប៤៥០ ០០០ ដុល្លារអាមេរិក ដោយភាគី(ខ) បានប្រគល់ប្រាក់ឱ្យភាគី(ក) គ្រប់ចំនួន ហើយភាគី(ក)បានធានារត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះឲ្យទៅភាគី(ខ) ត្រឹមត្រូវតាមផ្លូវច្បាប់ ។ ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយ ភាគីទាំងពីបានព្រមព្រៀងគ្នាបោះបង្គោលព្រុំលើផ្ទៃដី៤៥ ហិកតាឱ្យទៅភាគី.ខ ។

ក្រោយមកទៀតគឺភាគី(ក)បានកាត់ដីចំនួន១០ ហិកតាឱ្យទៅភាគី(ខ) ដែលសរុបដីនោះមានចំនួន៥៥ហិកតា ។ បន្ទាប់មកភាគី.ខ តែងតែសួរនាំភាគី.ក អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តែភាគី.ក ព្យាយាមគេចវេះ លុះដល់ឆ្នាំ២០១៩ ភាគី(ខ)បានទទូចឱ្យភាគី(ក)ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដទៃកាន់កាប់ទៅវិញ ។

ដោយពិនិត្យឃើញថា  ឈ្មោះ ប៉ុក សៅខាន និងមនុស្ស២នាក់ទៀត ពិតជាប្រព្រឹត្តបទល្មើសឆបោកលក់ដីខ្យល់ទើបឈ្មោះ ខុង ស៊ាងហ៊ី ដែលខំចំ ណាយប្រាក់ទិញដីអស់រាប់សែនដុល្លារ ដាក់ពាក្យប្តឹងស្ត្រីឈ្មោះ ប៉ុក សៅខាន និងបក្ខពួកដែលឃុបឃិតគ្នាលក់ដីខ្យល់ទៅតុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ទីបំផុតនាល្ងាចដដែលនេះ ស្ត្រីវ័យចំណាស់ដែលគេស្គាល់ ជាគ្រូទាយមើលពីជោគជីតារាសីម្នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន រឿងលក់ដីខ្យល់ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print