ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ (APPF) នេះ។ហើយក្រៅពីនេះ កំពុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ សភាមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនទៀតរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស នៅឆ្នាំនេះប្រារព្ធកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ”។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេសថា “The Asia Pacific Parliamentary Forum” បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក៕ ដោយ ស សម