ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ២០២២) ចំនួន៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៧,៣៣៨នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់
* ខេត្តព្រះសីហនុ ១២៩,១៤៧នាក់
* ខេត្តក្រចេះ ១២២,៥៣៩នាក់
* ខេត្តសៀមរាប ២៧,២៨៣នាក់
* រាជធានីភ្នំពេញ ២០,៨៩៨នាក់
* ខេត្តកំពត ១៩,៦៩៤នាក់។
ចំនួនភ្ញៀវផ្ទៃក្នុងបន្តមានចំនួនច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ និងរដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។
ទន្ទឹមនឹងនេះ នេះជាសប្តាហ៍ទី៣ជាប់គ្នាដែលខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។
ដោយឡែក បណ្តារដ្ឋបាលរាជធានី-ខេត្ត និងគណៈបញ្ជាកាឯកភាពបានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋានខ្លួន ការចុះចែកស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ រួមជាមួយការដាក់ចេញវិធានការសង្គ្រោះក្នុងករណីបន្ទាន់ផងដែរ៕ដោយ៖សហការី