រុស្ស៊ីបានឡើងគម្រោងធ្វើសមយុទ្ធជាប្រចាំនៃកម្លាំងបរមាណូយុទ្ធសាស្ត្រ ហើយរុស្ស៊ីក៏បានផ្តល់ព័ត៌មានដល់ភាគីអាមេរិកពីគម្រោងសមយុទ្ធខាងលើនោះដែរ ស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធបរមាណូ ។
សារព័ត៌មាន Euronews នៅថ្ងៃទី២៦ខែតុលា បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់ថា អាមេរិកពិតជាទទួលបានការផ្តល់ដំណឹងពីគម្រោងធ្វើសមយុទ្ធកម្លាំងបរមាណូយុទ្ធសាស្ត្ររបស់រុស្ស៊ី ។ នេះជាសកម្មភាពស្របទៅតាមច្បាប់ និងសន្ធិសញ្ញាគ្រប់គ្រងអាវុធ START ដែលអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នា។
មន្ត្រីអាមេរិកបានបញ្ជាក់ថា បើតាមសហរដ្ឋអាមេរិក រុស្ស៉ីនឹងដឹកនាំការបាញ់សាកល្បងមីស៊ីលអំឡុងការធ្វើសមយុទ្ធប្រចាំឆ្នាំឈ្មោះថា Grom នៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ជាមួយការបញ្ជាក់ថា ទីក្រុងមូស្គូបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងសមយុទ្ធកាលពីលើកមុន។
នៅក្រោមសន្ធិសញ្ញា New START Treaty រុស្ស៉ី និងសហរដ្ឋអាមេរិកមានកាតព្វកិច្ចជូនដំណឹងគ្នាជាមុនពីការបាញ់សាកល្បងមីស៊ីល ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយ។ អ្នកនាំពាក្យកងទ័ពអាមេរិក លោក ផាតទ្រីក រ៉ៃដឺ (Patrick Ryder) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាមុនដូចដែលយើងទទួលបានដំណឹងកាលពីពេលមុនៗ ហើយនេះគឺជាសមយុទ្ធជាទម្លាប់ប្រចាំឆ្នាំរបស់រុស្ស៉ី»។ ប៉ុន្តែ លោក រ៉ៃដឺ មិនបានបញ្ជាក់លម្អិតលើសពីនេះទេ ឬក៏កាលបរិច្ឆេទនៃការធ្វើសមយុទ្ធរបស់រុស្ស៉ីនោះដែរ។
រុស្ស៉ី បានយកវេទិកាអង្គការសហប្រជាជាតិចោទប្រកាន់អ៊ុយក្រែនថាកំពុងត្រៀមប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ប៉ុន្តែលោកខាងលិចនិងអ៊ុយក្រែនបានហៅការចោទប្រកាន់នេះថាជាព័ត៌មានក្លែងក្លាយ និងមានចេតនាធ្វើឱ្យសង្រ្គាមកាន់តែឡើងកម្ដៅប៉ុណ្ណោះ៕ ដោយធីរីណា
រូបថត : RT