ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់លើបណ្តោយផ្លូវលេខ២៧១ ចាប់ពីមុខមន្ទីរមិត្តភាពកម្ពុជា-សូវៀត ដល់មុខខ្លោងទ្វារវត្តសន្សំកុសល។
ក្នុងប្រតិបត្តិការនេះកម្លាំង បានធ្វើការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់។
សូមជម្រាបថា ការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមផ្លូវនេះ គឺដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល ជាពិសេសយានយន្តបើកបរបញ្រ្ចាស់ទិស ដែលបង្កឱ្យការកកស្ទះ ឬការគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖សហការី