ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងខណ្ឌ៧មករាធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១២ និង៣០យប់រំលងអាធ្រាត្រថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហេង ភីរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងចាប់វត្ថុតាង៖ ម៉្យៅក្រាមសថ្លា១កញ្ចប់តូច និងម៉ូតុូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគី ឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BZ-4398 ។
បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌ៧មករាកំពុងល្បាតក្នុងមូលដ្នានមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅខ្លួនជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំងម្នាក់រួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី