ខេត្តកណ្ដាល៖ រថយន្តម៉ាកទីតាន់កូរ៉េ១គ្រឿងត្រូវបានធ្លាក់ចូលទឹកទន្លេបាសាក់ ខណៈបើកបរឆ្លងដរជាន់ហ្វាំងមិនស៊ីឡើងកំណល់ជ្រុលធ្លាក់ទឹក តែសំណាងល្អពុំមានបណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លងក្បាលកោះ ស្ថិតក្នុងភូមិព្រែកយាយមី ឃុំកោះខ្សាច់ពន្លា ស្រុកស្អាង ខេត្តកណ្ដាល។ រថយន្តបង្កហេតុម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Q-(លេខមិនចាំ) បើកបរដោយបុរសម្នាក់ឈ្មោះ ខុម ឃន អាយុ៣០ឆ្នាំ បានបើកបរដឹកតន្ត្រីភ្លេងសម័យ មានទីលំនៅភូមិសំរោង សង្កាត់ក្រាំងយ៉ូវ ស្រុកស្អាង ។
សាក្សីនិយាយថា មុនពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរបើកចុះកំពង់ចម្លងទូកដរត្រើយខាងកើត ប៉ុន្តែពេលបើកបរឆ្លងដរអាចជាន់ហ្វាំងមិនស៊ី កង់រថយន្តបានជាន់លើកំណល់ជ្រុលទៅមុខផ្អៀងមួយចំហៀងធ្លាក់ទឹកទន្លេ លិចទាំងឡាន លិចទាំងទូកដរ សំណាងល្អមនុស្សដែលនៅលើរថយន្តនិងអ្នកនៅលើទូកដរម្នាក់ភ្នែកនៅកញ្ចឹងក ព្យាយាមប្រវេប្រវាលោតចេញពីទូកដររួចពីគ្រោះថ្នាក់។
ក្រោយពេលកើតហេតុគេបានឃើញម្ចាស់រថយន្តបាននាំគ្នាអូសទូកដរនិងស្ទួចរថយន្តឡើងគោក ដែលធ្លាក់រប៉ាត់រប៉ាយឧបករណ៍តន្ត្រីសម័យនោះ។ ម្ចាស់ទូកដរខាងលើត្រូវបានគេអះអាងថាឈ្មោះ សុង លៀង អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
គួបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរពុំបានពិនិត្យទៅលើបច្ចេកទេសយានយន្តនោះផង ហើយខាងកំពង់ចម្លងក៏គួធ្វើការណែនាំ សួរឬប្រាប់រាល់យានយន្ត ទោចក្រយានពេលឆ្លងដរ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីការពារសុវត្តិភាពទាំងអ្នកដំណើរក៏ដូចជាមធ្យោបាយដឹកជញ្ជូននេះ ពីព្រោះកន្លងទៅមានជនរងគ្រោះជាច្រើនបានស្លាប់ដោយសារការឆ្លងដរធ្លាក់រថយន្តចូលក្នុងទន្លេនេះជាញឹកញាប់ផងដែរ៕
ដោយ៖ សុខ ខេមរា