ខេត្តពោធិ៍សាត់៖ ប្ដីជាជនកំណាចម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនយកមកដាក់ទ្រុងដែក បន្ទាប់ពីបុរសរូបនេះមកពីផឹកស្រាស្រវឹងស្រឿងៗ ទាញចបជីកដែកយកមកសំពងប្រពន្ធនិងប្អូនថ្លៃបណ្ដាលឲ្យរងរបួស។
ហេតុការណ៍ឃាត់ខ្លួនបុរសប្រើអំពើហឹង្សាក្នុងគ្រួសារខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធឿន សុខចាន់ អាយុ ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ។
សមត្តកិច្ចបន្តថា ការឃាត់ខ្លួន បន្ទាប់ទទួលពាក្យបណ្ដឹងពីស្រ្តីជនរងគ្រោះឈ្មោះ នៅ ធឿន អាយុ ៥៨ឆ្នាំ រស់នៅភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយក្មេក ដោយ នៅក្នុងពាក្យបណ្ដឹងម្ដាយក្មេកនោះបានរៀបរាប់ថាៈ កាលពីវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២២ ខែឧសភា (មុនកើតហេតុមួយថ្ងៃ) កូនប្រសារូបនេះបានមកពីផឹកស៊ីនៅផ្ទះបងប្អូនក្នុងភូមិជាគ្នា ហើយឡូឡារករឿងរួចទាញយកចបជីកដែកប្រវែងប្រមាណ១ម៉ែត្រ វាយកូនប្រុសរបស់គាត់ឈ្មោះ យែម សុខលី អាយុ ២០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ដែលត្រូវជាប្អូនថ្លៃចំនួន ៥ចបជីកដែក បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយនៅពេលប្រពន្ធរបស់ខ្លួនឈ្មោះ យែម លីន អាយុ ៣០ឆ្នាំ ចូលទៅឃាត់កុំឲ្យវាយប្អូនបែរជាមកវាយប្រពន្ធ ២ចបជីកថែមទៀតទាំងមានផ្ទៃពោះចំនួន ៧ខែ ។
ពាក្យបណ្ដឹងបន្តថា គាត់បានទាមទារឲ្យកូនប្រសារូបនេះសងជំងឺចិត្តចំនួន ៣ពាន់ដុល្លារអាមេរិច និងសុំឲ្យសមត្តកិច្ចចាត់ការតាមនីតិវិធី។
សមត្តកិច្ចបន្តទៀតថា ករណីនេះកំពុងបន្តសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នៅឡើយ ហើយយើងបន្តនីតិវិធីដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋានអនុវត្ត។
ជនសង្ស័យបានបង្ហើបប្រាប់អ្នកកាសែតថា ខ្លួនពិតជាបានប្រព្រឹត្តមែន ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចការចោទប្រកាន់របស់ម្ដាយក្មេកនេះទេ គឺគាត់វាយដៃជើងបន្តិចបន្ទួចប៉ុណ្ណោះខណៈខ្លួនក៏ស្រវឹង ហើយប្អូនថ្លៃរូបនេះក៏ឌឺមិនដឹងទាបខ្ពស់ និយាយរួមមានទំនាស់បន្តិចបន្ទួចកាលពី ៣ខែមុនមកម្លេះ ជាមួយប្អូនថ្លៃស្រីបន្ទាប់ប្រពន្ធរបស់ខ្លួន រឿងយកអាគុយមកចាប់អំពូលបំភ្លឺហូបបាយរួចមិនយកទុកដាក់គ្រានោះខ្លួនក៍បានស្ដីបន្ទោស ចាប់ពីពេលនោះមកក្នុងក្រុមគ្រួសារនេះគ្មាននណានិយាយស្ដីរកគ្នា ទោះខំហៅឬសួរបែបណាក៍ដោយ ធ្វើឲ្យរូបគាត់ មួម៉ៅក្នុងចិត្តចេះតែដើរផឹកស៊ីបន្ធូអារម្មណ៍និងកុំឲ្យក្ដៅក្រហាយក្នុងចិត្តតែប៉ុណ្ណោះ ហើយការដែលម្ដាយក្មេករបស់គាត់ប្ដឹងទារសំណងចំនួន ៣,០០០ដុល្លារ (បីពាន់ដុល្លារ) នេះ គឺមានបំណងចង់ឲ្យជាប់គុកតែប៉ុណ្ណោះ ពីព្រោះគាត់(ម្ដាយក្មេក) រួមទាំងប្រពន្ធផងដែរដឹងហើយថា គាត់ក្រដល់កម្រិតណាដែលម្នាក់រកតែអង្ករច្រកឆ្នាំងមិនបាន៕
ដោយ៖ ប៉ឹម ពិន