ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បុរសម្នាក់ បានចុះរាយមងក្នុងទឹកប្រឡាយមិនប្រយ័ត្នបណ្ដាលឱ្យលង់ទឹកប្រឡាយស្លាប់ យ៉ាងអាណោចអាធ័ម នៅក្បែរផ្ទះបស់ខ្លួន។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន កាលពីល្ងាចថ្ងៃទី២៧ ខែតុលាម្សិលមិញនេះ នៅចំណុចប្រឡាយទឹក ភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ធីន ថន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅព្រឹកថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ។ ក្រុមការងារបានធ្វើការសន្និដ្ឋាន បានថាសព ឈ្មោះ ធីន ថន នេះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ មែន ក្រោមមូលហេតុ គាត់បានចុះទៅរាយមង នៅកន្លែងទឹកជ្រៅ ត្រង់ចំណុចប្រឡាយទឹកខាងលិចផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី