ភ្នំពេញ ; ឯកឧត្តម យួន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សេអ៊ូល
ឯកឧត្តម
ខ្ញុំមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្ម នៅក្នុង ខណ្ឌស៊ីថេរ៉ុន នៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមាន ស្លាប់ជាច្រើននាក់ និងអ្នករងរបួសក៏ច្រើន។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តី អាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រលាញ់ ។ ខណៈដែល កម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ ឆាប់បានជាសះស្បើយ ។
ខ្ញុំសូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ។
សូមបញ្ជាក់ថា, ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសកាន់ទុក្ខទូទាំងប្រទេសចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី៥ខែវិច្ឆិកា
នៅព្រឹកថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាស កាន់ទុក្ខទូទាំងប្រទេសរយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកាចំពោះជនរងគ្រោះស្លាប់នៅក្នុងរាត្រី Hallowween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។
ប្រធានាធិបតី Yoon Suk-yeol បានបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតីដែលទទួលបន្ទុកពីសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ បេះដូងរបស់ខ្ញុំពិតជាឈឺចាប់ តក់ស្លុតចំពោះការឈឺចាប់ទាំងនោះ»។
មកទល់ពេលនេះមានមនុស្ស ១៥១នាក់ស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះមាន ១៩នាក់រងរបួសធ្ងន់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត ។ ភាគច្រើនអ្នករងគ្រោះមានអាយុប្រមាណ២០ឆ្នាំ ។ តាមតួលេខពីរដ្ឋាភិបាលមានជនបរទេស១៩នាក់ ។ នេះជាករណីគ្រោះថ្នាក់ស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីករណីលេចសាឡាង កាលពីឆ្នាំ២០១៤ សម្លាប់មនុស្ស ៣០៤នាក់។
តាមការប្រកាសរបស់រដ្ឋាភិបាល អ្នកស្លាប់ដោយសារតែការប្រជ្រៀតជាន់លើគ្នា មានជនរងគ្រោះ ៩០%ហើយបានកំណត់អត្តសញ្ញាណ ក្នុងនោះមានជនជាតិវៀតណាម្នាក់ផងដែរ។ ចំណែកជនបរទេសផ្សេងទៀតដែលស្លាប់ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណថាមកពីប្រទេសណាខ្លះនោះឡើយ៕
ដោយ : សុខ ខេមរា