កូរ៉េខាងជើងបានស្នើរដល់កូរ៉េខាងត្បូងឲ្យមានកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាដើម្បីបញ្ចប់វិបត្តិ បញ្ចប់ភាពតានតឹង ។ប៉ុន្តែភាគីកូរ៉េខាងត្បូងវិញបដិសេធដោយទីក្រុងសេអ៊ូលបានលើកយកហេតុផលទៅពន្យល់ជាថ្មីថា ដើម្បីអាចផ្តើមកិច្ចចរចាណាមួយបាន ទីក្រុងព្យុងយ៉ាងត្រូវតែចាត់វិធានការជាក់ស្តែងឆ្ពោះទៅបោះបង់ចោលទាំងស្រុងនូវមហិច្ឆិតាអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។
ចម្លើយបដិសេធរបស់កូរ៉េខាងត្បូងថ្ងៃនេះ គឺជាការតបនឹងសាររបស់កងទ័ពកូរ៉េខាងជើងផ្សព្វផ្សាយថា កងទ័ពកូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងឲ្យទទួលយកការហុចដៃរបស់កូរ៉េខាងជើងដើម្បីបញ្ជៀសគ្រោះមហន្តរាយនៃទំនាក់ទំនងអន្តរកូរ៉េ។ ការហុចដៃរបស់កូរ៉េខាងជើងគឺសំណើឲ្យមានការបើកកិច្ចប្រជុំការងារថ្នាក់យោធារវាងគ្នា។ ក្រសួងការពារកូរ៉េខាងត្បូងបានទាត់ចោលសំណើនេះរបស់កងទ័ពកូរ៉េខាងជើង ដោយលើកយកហេតុផលទៅពន្យល់ថា ទីក្រុងព្យុងយ៉ាងមិនបានចែងឲ្យបានច្បាស់លាស់ពីប្រធានបទដែលត្រូវជជែក ពិសេសប្រធានបទទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃនេះថា សំណើសុំចរចាដែលមិននិយាយដល់ការរំសាយនុយក្លេអ៊ែរ ជាសំណើលេងសើច និងគ្មានន័យ។ រូបអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងដដែលបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែបន្តប្រកាន់ជំហរមិនផ្លាស់ប្តូរដែលថា គ្រប់វិធានការឆ្ពោះទៅរំសាយនុយក្លេអ៊ែរត្រូវតែជាអាទិភាពទី១ នៅគ្រប់កិច្ចចរចាជាមួយកូរ៉េខាងជើង។ តែបញ្ហានៅត្រង់ថានាពេលកន្លងមកក្រុងព្យុងយ៉ាងធ្លាប់បានបញ្ជាក់ជាច្រើនដងថា នុយក្លេអ៊ែររបស់ខ្លួនជារឿងដែលមិនអាចចរចាបាន។
សូមជម្រាបជូនថា ចម្លើយបដិសេធរបស់ក្រុងសេអ៊ូលលើសំណើសុំចរចាថ្នាក់យោធារបស់ក្រុងព្យុងយ៉ាងពេលនេះបានធ្វើឡើង ចំពេលដែលភាពតានតឹងរវាងបងប្អូនបង្កើតគូសត្រូវទាំងពីរបានកើនទ្វេដង ពិសេសក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៤ កាលពីថ្ងៃទី៦ ខែមករា និងការបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយនៅថ្ងៃទី៧ ខែកុម្ភៈ កន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី