ចំនួនអ្នកស្លាប់ដោយការប្រជ្រៀតជាន់លើគ្នានៅទីក្រុងសេអ៊ូលបានកើនឡើងដល់១៥៤នាក់ ក្នុងនោះមាន២៦នាក់ជាជនបរទេស ។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើងខ្ពស់ខណៈនៅមានអ្នកសង្គ្រោះបន្ទាន់៣៣នាក់ ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានពីស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយដែលបានបញ្ជាក់នៅថ្ងៃទី៣១ខែតុលាថា ក្រៅពីអ្នកស្លាប់និងរបួសធ្ងន់សង្គ្រោះបន្ទាន់ នៅមានអ្នករងរបួសស្រាល១១៦នាក់ផងដែរ។
មកទល់ពេលនេះអ្នកស្លាប់ដោយការប្រជ្រៀតជាន់លើគ្នាត្រូវបានកំណត់អត្តសញ្ញាណហើយ ក្នុងនោះមានជនបរទេសចំនួន២៦នាក់ ដែលមានដូចជា ជនជាតិអុីរ៉ង់៥នាក់ ជនជាតិចិន៤នាក់ ជនជាតិរុស្ស៊ី៤នាក់ ជនជាតិអាមេរិក២នាក់ ជនជាតិជប៉ុនម្នាក់ ជនជាតិបារាំងម្នាក់ អូស្ត្រាលីម្នាក់ ន័រវែសម្នាក់ អូទ្រីសម្នាក់ វៀតណាមម្នាក់ ថៃម្នាក់ កាហ្សាស្ថាន១នាក់ អ៊ុយបេគីស្ថាន១នាក់ និងស្រីលង្កា១នាក់។
តាមការលើកឡើងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ មានបុរស៥៦នាក់ ស្ត្រី៩៨នាក់ មានអាយុប្រមាណ២០ ឆ្នាំទាំងអស់។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនៅមិនទាន់ដឹងនៅឡើយទេ ៕ ដោយធីរីណា
រូបថត : YONHAP NEWS
រូបថត : WP